នគរបាល ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ជាមួយថ្នាំញៀនជាង៣០ក្រាម

54

បាត់ដំបង ៖ ជនសង្ស័យ០៣នាក់ ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការនគរបាលខេត្តបាត់ដំបង សហការជាមួយកំលាំងក្រុមអន្តរាគមន៍ប្រឆាំងបទល្មើស បង្ក្រាបឃាត់ខ្លួន ជាមួយថ្នាំញៀនជាង៣០ក្រាម ។

លោកវរសេនីយ៍ទោ សុខ និមល នាយការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការនគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ប្រតិបត្តិការណ៍នេះ ធ្វើឡើងកាលពីវេលាម៉ោង ០១និង០៥នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នៅចំណុចភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ដោយបានឃាត់ខ្លួនមនុស្ស០៣នាក់ រួមមាន ៖ ១.ឈ្មោះ អ៊ុន សុភាព ភេទប្រុស អាយុ២៤ឆ្នាំ ២.ឈ្មោះ ធិន សុធារ៉ា ភេទប្រុស អាយុ២១ឆ្នាំ ទាំងពីរនាក់មានទីលំនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ៣.ឈ្មោះ ប្រុស រស់សង្វាត ហៅ ជា ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ។

លោកថា ប្រតិបត្តិការណ៍នេះ សមត្ថកិច្ចដកហូតបានវត្ថុតាងមួយចំនួន ដូចជា ៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន០៣ថង់ ទម្ងន់ ៣២,៦៨ក្រាម, ថ្នាំញៀនប្រភេទកេតាមីន (kETAMIN) ចំនួន០៤ថង់ទម្ងន់ ៣,៥២ក្រាម, ខ្សែកចំនួន០១ខ្សែ, ចិញ្ចៀនចំនួន០១វង់, ម៉ូតូ០១គ្រឿង, កាបូបដាក់លុយចំនួន០១, ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនលក់ចំនួន០១គ្រឿង, ទូរស័ព្ទដៃចំនួន០២គ្រឿង និងសម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត ។

ក្រោយបង្ក្រាបឃាត់ខ្លួន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕

ដោយ ៖ សាលី

ចំណែក