នគរបាលស្រុកភ្នំព្រឹក បង្ក្រាបទីតាំងល្បែងស៊ីសងមួយកន្លែង ឃាត់ខ្លួនអ្នកលេង០៤នាក់

59

បាត់ដំបង ៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបួរ បានចុះធ្វើការបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ (ខ្លាឃ្លោក) មួយកន្លែងកាលពីរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នេះ ។

លោកវរសេនីយ៍ទោ សារ៉េត វិសេដ្ឋ អធិការនគរបាលស្រុកភ្នំព្រឹក បានឲ្យដឹងថា ដោយអនុវត្តតាមមតិដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង  ក្នុងការបង្ក្រាប និងទប់ស្កាត់ឲ្យបានរាល់បទល្មើសនានា ដែលកើតមាននៅក្នុងមូល លោកបានដឹកនាំកម្លាំងជំនាញរបស់អធិការសហការ ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបួរ ចុះនៅចំណុចក្នុងមូលដ្ឋានឃុំបួរ ស្រុកភ្នំព្រឹក ធ្វើការបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់(ខ្លាឃ្លោក)មួយកន្លែងក្នុងបទល្មើសជាក់ស្តែង។  

កិច្ចប្រតិបត្តិការខាងលើនេះដែរ សមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនក្រុមអ្នកលេងជាបុរសចំនួន០៤នាក់ និងសម្ភារៈសម្រាប់លេងខ្លាឃ្លោកមួយឈុត ផងដែរ ។

ក្រោយបង្ក្រាបឃាត់ខ្លួនបាន ក្រុមអ្នកប្រព្រឹត្តិទាំង០៤នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុក ធ្វើកិច្ចសន្យាអប់រំណែនាំ ឲ្យបញ្ឈប់សកម្មភាពលេងល្បែងស៊ីសងខុសច្បាប់ និងបានអនុញ្ញាតឲ្យវិលទៅមូលដ្ឋានរៀងៗខ្លួនវិញ ។

លោកអធិការបញ្ចាក់ថា ករណីល្បែងស៊ីសង (ខ្លាឃ្លោក) នេះ មើលទៅហាក់ដូចជាករណីតូចតាចក៏ពិតមែន ប៉ុន្តែវាបានបង្កជាបញ្ហាស្មុកស្មាញ​​​​​​​​​​​​​​​​​ជាច្រើនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាសន្តិសុខសណ្តាប់ធ្នាប់សង្គមផងដែរ ៕

ដោយ ៖ សាលី

ចំណែក