Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីកម្ពុជា ប្រធានអាស៊ានឆ្នាំនេះ ទោះបីមានបញ្ហាចាក់ស្រេះតែកម្ពុជាដោះស្រាយបានទាំងអស់

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់ទៅប្រធានសហព័ន្ធ​សន្តិភាព​សកលថា​ កិច្ចប្រជុំកំពូលអាស៊ានឆ្នាំនេះបើទោះបីមានបញ្ហា​ចាក់ស្រេះ តែកម្ពុជាបាន​ដោះស្រាយ​មិនមាន​ឯកសារណាមួយរាំងស្ទះឡើយ។

សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ​មានប្រសាសន៍​យ៉ាងដូច្នេះ ក្នុងឱកាសអនុញ្ញាត​ឱ្យ​លោកបណ្ឌិត យ៉ុន យ៉ុងហូ អគ្គនាយកនៃសហព័ន្ធសន្តិភាពសកល ចូលជួបសំដែងការគួរសម​និង​ពិភាក្សាការងារនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២០ធ្នូនេះ ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ បានឱ្យដឹងថា ឯកឧត្តម ហូរ បានគោរព សម្ដែង​នូវ​ការ​អបអរសាទរជូនចំពោះសម្ដេចតេជោ ​ដែលបានរៀបចំ​និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន​និង​កិច្ចប្រជុំកំពូលពាក់ព័ន្ធ ​និងកិច្ចប្រជុំកំពូលអាស៊ាន អឺរ៉ុប ថ្មីៗនេះ សម្រេចបានយ៉ាងជោគជ័យ។ ជាងនោះទៅទៀតឯកឧត្តម ហូរ បានគោរពរាយការណ៍ជូនសម្ដេចតេជោផងដែរអំពីដំណើរការ កៀងគរ​ការ​គាំទ្រ​ធម្មនុញ្ញ ​សន្តិភាពពិភពលោកនិង គម្រោងសួនសន្តិភាពមេគង្គហើយក៏បាន គោរព​ស្នើសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់អំពីសម្ដេចអំពីករណីនេះ។

ជាការឆ្លើយតបសម្ដេចតេជោ បានថ្លែងអំណរគុណចំពោះ ឯកឧត្តម ហូ ​ចំពោះការអបអរសាទរ អំពី​លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

សម្តេចតេជោ បានមានប្រសាសន៍ថា កិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំនេះ គឺមានបញ្ហា​ចាក់ស្រេះ​យ៉ាង​ច្រើនតែទោះជាយ៉ាងណាក៏ដោយកម្ពុជា​ បានដោះស្រាយទាំងអស់ហើយ​ក៏បាន​ចេញឯកសារ ទាំងអស់​ ចំនួន១០១ឯកសារដោយពុំមានឯកសារណាមួយរាំងស្ទះឡើយ។

សម្ដេចតេជោ បានផ្ដល់អនុសាសន៍ជូនឯកឧត្តម ហូ ឱ្យជំរុញការគាំទ្រ តាមទម្រង់ UPF+x នោះគឺ តាមរយៈការគាំទ្រពីតូចទៅធំ ​រីឯគម្រោង ​សួនសន្តិភាព ​មេគង្គវិញ​សម្ដេច​បានសុំឱ្យបន្ត​ធ្វើការ​ថែមទៀត៕​