សុខាភិបាលខេត្តបន្ទាយមានជ័យ ទទួលអំណោយឱសថ និងបរិក្ខារពេទ្យ ពីសម្តេច សាយ ឈុំ និងលោកជំទាវ
បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ នៅមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីប្រគល់ទទួលឱសថ និងគ្រឿងបរិក្ខារពេទ្យ ដែលជាអំណោយរបស់សម្តេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ ដែលបានពីមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ។
ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មាធិការទី១០ ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានមានប្រសាសន៍ ថ្លែងនូវអំណរគុណ ដោយស្មោះចំពោះ អង្គការចែករំលែកសង្គ្រោះជីវិតសកល របស់សាធារណរដ្ឋកូរ៉េ ដែលបានចំណាយ ទ្រព្យធនយ៉ាងច្រើន រួមទាំងឱសថ សម្រាប់ចែកជូនដល់ក្រុមគ្រូពេទ្យ ដើម្បីយកទៅជួយដល់ប្រជាពលរដ្ឋឲ្យចំគោលដៅ និងចែករំលែកសង្គ្រោះជីវិត ។
ឯកឧត្តមបានមានប្រសាសន៍បន្តថា អំណោយដែលបានមកពីមូលនិធិ ចែករំលែកជីវិតសកលនៃសាធារណរដ្ឋកូរ៉េនេះ បានឆ្លុះបញ្ចាំងឲ្យឃើញ ពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចប្រធានព្រឹទ្ធសភា ចំពោះវិស័យសុខាភិបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និយាយដោយឡែកចំពោះការផ្តល់នូវសេវាជូនដល់ប្រជាពលរដ្ឋម្យ៉ាងវិញទៀតបានជំរុញនិងលើកទឹកចិត្តឲ្យមន្ត្រីសុខាភិបាលទាំងអស់ កាន់តែមានឆន្ទៈមោះមុតក្នុងការបំពេញភារៈកិច្ចទទួលខុសត្រូវក្នុងការបម្រើសុខភាពប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ ។
ឯកឧត្តម ក៏បានផ្តាំផ្ញើផងដែរ ដល់ក្រុមគ្រូពេទ្យទាំងអស់ត្រូវយកចិត្តទុកដាក់ បន្តទៀតដោយការជួយថែទាំសុខភាពរបស់ប្រជាពលរដ្ឋ ហើយការផ្តល់ថ្នាំផ្សេងៗឲ្យចំមុខសញ្ញា នៃជំងឺព្រោះថា ថ្នាំពេទ្យដូចជាអាវុធមុខពីរ អាចនិយាយបានថា បើប្រើចំមុខសញ្ញានៃជំងឺនឹងបានជាសះស្បើយ តែបើប្រើខុសវិញនោះ អ្នកជំងឺ អាចធ្ងន់ធ្ងរបន្តទៀត ។
សូមបញ្ជាក់ថា អំណោយដែលត្រូវបានប្រគល់និងទទួលខាងលើ រួមមាន ៖ ថ្នាំពេទ្យ ចំនួន១៤មុខស្មើនឹង ១៩០កេស, សម្លៀកបំពាក់ ចំនួន២៩កេស, ម៉ាស៨កេស, មួកចំនួន២កេស, និងកាបូបមួយចំនួនផងដែរ ៕