ជនសង្ស័យម្នាក់ ត្រូវបានចាប់ខ្លួន ពីបទ បង្កហិង្សាដោយចេតនា

9

បាត់ដំបង ៖ ជនសង្ស័យ ០១នាក់ ក្នុងចំណោមបក្ខពួកជាច្រើននាក់ផ្សេងទៀត ត្រូវបានកម្លាំង នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បង្ក្រាបឃាត់ខ្លួនពាក់ព័ន្ធ ក្នុងករណី បង្កហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ។

លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានអោយដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួនមានឈ្មោះ រ៉ម មករា ហៅរ៉ា ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ដែលជនសង្ស័យរូបនេះ ជាសមាជិកក្រុម P S P (ភ្នំសំពៅ) មានគ្នា ចំនួន០៥នាក់ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៧និង០០នាទី ពួកគេបានជិះម៉ូតូ ចំនួន០៣គ្រឿង មកស្ទាក់កាប់ទៅលើក្រុមជនរងគ្រោះ ភាគីម្ខាងទៀត មានគ្នា០៤នាក់ ជាក្រុម (HW ហាយវេ) ដែលកំពុងអង្គុយលេងនៅលើ ផ្លូវហាយវេ  បណ្តាលអោយ ឈ្មោះ ញ៉ាញ់ សុវណ្ណរ៉ា ភេទប្រុស អាយុ១៧ឆ្នាំ  មានទីលំនៅ ភូមិបុស្សខ្នុរ  ឃុំចែងមានជ័យ  ស្រុក បាណន់  ខេត្ត បាត់ដំបង រងរបួសធ្ងន់ (បែកក្បាលដល់លលាដ៍) ហើយរត់គេចខ្លួនបាត់ ទើបត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបាន នៅវេលាម៉ោង១៤និង០០នាទី ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ។

លោកប្រធានការិយាល័យបានបញ្ជាក់ថា រយៈពេលកន្លង មកក្រុមទាំង០២នេះ ធ្លាប់បាន ធ្វើ សកម្មភាព ដេញកាប់គ្នា ចំនួនប្រហែល១៣ដង មកហើយ ដោយមូលហេតុផុស រូបភាព វីដេអូ ឌឺដងដៀមដាមដាក់គ្នា តាមរយៈបណ្ដាញសង្គម Tik Tok ។

ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចការិយាល័យជំនាញ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី  ៕

ដោយ ៖ សាលី

 

ចំណែក