ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថ ធ្វើការឃាត់តាមអំណាច តុលាការ ពីបទ ហិង្សាដោយចេតនា

9

ព្រះវិហារ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តព្រះវិហារ បង្ក្រាបឃាត់ខ្លួនតាមអំណាចតុលាការ ពីបទ បង្កហិង្សាដោយចេតនា (មានស្ថានទម្ងន់ទោស) ។

ការចុះបង្ក្រាបឃាត់ខ្លួននេះ ប្រព្រឹត្តទៅកាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែវិច្ឆិកា  ឆ្នាំ២០២១ វេលាម៉ោង១៣.០០នាទីរសៀល នៅមុខបេឡានខេត្តព្រះវិហារស្ថិតនៅ ភូមិអណ្តូងពោធ៍ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ក្រោមការដឹកនាំសម្របសម្រួលរបស់លោក វុធ សាវី ព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យនៃអយ្យការ អមសាលាដំបូងខេត្តព្រះវិហារ ។

យោងតាមដីកាបញ្ជាឲ្យចូលខ្លួន លេខ៖១៥៤៩ អយ២១ ចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ចេញដោយព្រះរាជអាជ្ញារង វុធ សាវី តំណាងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចនាំខ្លួនបុគ្គល ឈ្មោះ ខេង វុត្ថា ហៅ ហៀង ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឆែប ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ ឲ្យបង្ហាញខ្លួននៅអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ឲ្យបានមុនថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ដើម្បីសាកសួរលើបណ្តឹងព្រហ្មទណ្ឌពីបទ ហិង្សាដោយចេតនា (មានស្ថានទម្ងន់ទោស) ប្រព្រឹត្តនៅភូមិឆែបកើត ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ ។

យោងតាមពាក្យបណ្តឹងរបស់លោក យ៉ិន ចិន្ត្រី ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទី៥ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម បានដាក់ជូនឯកឧត្តមព្រះរាជអាជ្ញាអមសាដំបូងខេត្តព្រះវិហារសុំឲ្យចាត់វិធានការផ្លូវច្បាប់ ថា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចភូមិឆែបកើត ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ បុគ្គល ឈ្មោះ ខេង វុត្ថា ហៅ ហៀង បានប្រើហិង្សាវាយតប់មកលើខ្លួនបណ្តាលឲ្យរងរបួសបែកមាត់ និងបាក់ម្រាមដៃរហូតត្រូវកាត់ចោល និងសូមប្តឹងទាសំណងជម្ងឺចិត្ត ចំនួន ៣០,០០០(បីម៉ឺន) ដុល្លាអាមេរិច ពីឈ្មោះ  ខេង វុត្ថា ហៅ ហៀង ។

ជនសង្ស័យ ក្រោយឃាត់ខ្លួនត្រូវបានបញ្ជូន ទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ដើម្បីកសាងសំណុំរឿង បញ្ជូនសាលាដំបូល ចាត់ការតាមនីតិវិធីច្បាប់ ៕

ចំណែក