ឯកឧត្តម សុខ លូ នឹងចាត់ឲ្យមន្ត្រីជំនាញ ចុះពិនិត្យក្រោយជួបជាមួយ អាជីវករផ្សារបឹងឈូក

8

បាត់ដំបង ៖ ក្រោយទទួលជួបជាមួយក្រុមអាជីវករជិត ១០០នាក់ មកពីផ្សារបឹងឈូក ដែលបាននាំគ្នាតវ៉ាសុំឱ្យអាជ្ញាធរជួយអន្តរាគមន៍ ឱ្យពួកគាត់បានលក់បន្តក្នុងផ្សារនេះដដែល នៅល្ងាចថ្ងៃទី២៣ ខែវិច្ឆកា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នឹងចាត់ឲ្យមន្ត្រីជំនាញ ចុះពិនិត្យលើបញ្ហានេះ ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា គម្រោងការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយជុំវិញផ្សារបឹងឈូក ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា របស់ក្រុមហ៊ុនម៉ៅភាស៊ីផ្សារ គឹជាការឆ្លើយតបរបស់គណ:កម្មការជំនាញក្រុង និងខេត្ត ដែលអនុវត្តយោងតាមពាក្យបណ្តឹងរបស់បងប្អូនប្រជាពលរដ្ឋអ្នកផ្ទះល្វែងប្រមាណជា ៧០គ្រួសារ ដែលរស់នៅជុំវិញផ្សារបឹងឈូកដូចគ្នាដែលរងផលប៉ះពាល់ ក្នុងនោះមួយចំនួនមិនអាចលក់ដូរកើត ដោយសារបាំងអ្នកលក់បន្លែ ត្រី សាច់នៅខាងមុខផ្ទះ និងមួយចំនួនទៀតប៉ះពាល់ស្ទះផ្លូវមិនអាចធ្វើចរាចរណ៍ម៉ូតូ ឬរថយន្តទៅមកបាន ។

ក្រោយស្តាប់ហេតុផលរបស់បងប្អូនក្រុមអាជីវករជិត ១ម៉ោង ឯកឧត្តមអភិបាលខេត្ត បានសំណូមឲ្យក្រុមអាជីវករ យោគយល់ពីព្រោះអាជ្ញាធរមិនអាចមិនមានដំណោះស្រាយ ទុកឲ្យភាគីម្ខាងទទួលផល និងម្ខាងទៀតបាត់បង់ផលប្រយោជន៍នោះទេ ចាំបាច់ត្រូវរកដំណោះស្រាយកណ្តាលមួយ ដើម្បីឲ្យប្រជាពលរដ្ឋជាអ្នកលក់ដូរទទួលផល ទាំងអ្នកលក់នៅខាងមុខផង និងអ្នកផ្ទះល្វែងផង ដូច្នេះលើទីតាំងខ្លះទំហំផ្លូវចំនួន ២០ម៉ែត្រ ត្រូវកែសម្រួលដាក់ឲ្យលក់ដូរត្រឹម ៨ម៉ែត្រវិញ ទើបទទួលបានជាប្រយោជន៍ទាំង០២ភាគី ម៉្យាងទៀតទីផ្សាររបស់រដ្ឋនីមួយៗ វាជារបស់អ្នកលក់ផង និងជារបស់អ្នកទិញផង គឺជា របស់យើងទាំងអស់គ្នា។

ក្រោមការពន្យល់លើកពីច្បាប់ទម្លាប់ ហេតុ និងផលពីសំណាក់ថ្នាក់ដឹកនាំខេត្ត ឯកឧត្តម សុខ លូ រួចមក ក្រុមអាជីវករបានឯកភាព ទទួលយកដំណោះស្រាយខាងលើបណ្តោះអាសន្ន ទាំងអស់គ្នាសិន ហើយរំសាយទៅកាន់លំនៅដ្ឋានវិញ រងចាំក្រុមការងាររបស់ខេត្តចុះទៅពិនិត្យ និងសិក្សាឡើងវិញឈានទៅដល់ការព្រមព្រៀងបញ្ចប់បញ្ហា ៕

ដោយ ៖ សាលី​

ចំណែក