សម្ដេចតេជោ ហ៊ុន សែន ជំរុញ​​តំបន់​អាស៊ី និង​អឺរ៉ុប​ប្រកាន់​ខ្ជាប់​យន្តការ​ពហុ​ភាគី​និយម​ដើម្បី​ស្ដារ​សេដ្ឋកិច្ច-ពាណិជ្ជកម្ម​ឡើង​វិញ

2

ភ្នំពេញ៖ សម្ដេច​តេជោ ហ៊ុន សែន បាន​ជំរុញ​តំបន់​អឺរ៉ុប និង​អាស៊ីឱ្យ​ប្រកាន់​ខ្ជាប់​នូវ​យន្តការ​ពហុ​ភាគី​និយម ដោយ​ថា ដើម្បី​ជំរុញ​របៀប​វារៈ​នៃ​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព និង​បរិយាបន្ន។

​នៅ​ក្នុង​ពិធី​បើក​វេទិកា​សេដ្ឋកិច្ច និង​ធុរកិច្ច​អាស៊ីអឺរ៉ុប​លើក​ទី​១ ដែល​ចាប់​ផ្ដើម​នៅ​ព្រឹក​ថ្ងៃទី២៤ ខែវិច្ឆិកា ​នេះសម្ដេច​តេជោ ហ៊ុន សែន ថ្លែង​ថា​៖ «ជាមួយ​នឹង​និន្នាការ​នៃ​ការ​ផ្លាស់​ប្ដូរ​នៅ​ក្នុង​ពាណិជ្ជកម្ម និង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​សកល ខ្ញុំ​យល់​ឃើញ​ថា តំបន់​យើង​ទាំង​ពីរ​ត្រូវ​តែ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​គាំ​ទ្រ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី ជាពិសេស​ការ​ជំរុញ​ការ​ធ្វើ​សេរីភាវូបនីយកម្ម និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ​បន្ថែម​ទៀត​តាម​រយៈ​ការលុប​បំបាត់​របាំង​សម្រាប់​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​ដើម្បី​ទាញ​យក​សក្ដានុពល​ជា​អតិបរមា​ពី​កិច្ច​សហ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​អាស៊ីអឺរ៉ុប»

សម្ដេច​តេជោ ហ៊ុន សែន បាន​ឱ្យ​ដឹង​ផង​ដែរ​ថា ទំហំ​សេដ្ឋកិច្ច​អាស៊ីអឺរ៉ុប មាន​ចំណែក​រហូត​ដល់ ៦៥​ភាគរយ​នៃ​សេដ្ឋកិច្ច​សកល ខណៈ​ដែល​ទំហំ​ពាណិជ្ជកម្ម​រវាង​ទ្វីប​ទាំង​ពីរ​នេះ មាន​ចំណែក​រហូត​ដល់​ ៥៥​ភាគរយ​នៃ​ទំហំ​ពាណិជ្ជកម្ម​សកល។

សម្ដេច​តេជោ ហ៊ុន សែន ថ្លែង​ថា​៖ «យើង​មាន​ភាព​ចាំ​បាច់​ត្រូវ​ពង្រឹង​សាមគ្គីភាព និង​តម្កល់​ផល​ប្រយោជន៍​ប្រជា​ពលរដ្ឋ​ជា​ធំ ដោយ​ប្រកាន់​ខ្ពស់​នូវ​យន្តការ​ពហុ​ភាគី​និយម ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ក្នុង​គ្រប់​វិស័យ និង​ពន្លឿន​ការ​ត​ភ្ជាប់​រវាង​សង្គមសេដ្ឋកិច្ច ដើម្បី​ជំរុញ​របៀប​វារៈ​នៃ​ការ​អភិវឌ្ឍ​របស់​យើង​ប្រកប​ដោយ​ចីរភាព និង​បរិយាបន្ន»

ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា លើក​ឡើង​ទៀត​ថា ការ​ជំរុញ​ប្រក្រតីភាព​នៃ​រំហូរ​ពាណិជ្ជកម្ម​ ធុរកិច្ច និង​វិនិយោគ គឺ​ជា​កិច្ចការ​សំខាន់ និង​បន្ទាន់ ដើម្បី​ស្ដារ និង​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​សង្គម និង​សេដ្ឋកិច្ច​របស់​តំបន់​ទាំង​ពីរ​ឡើងវិញ បន្ទាប់​ពី​វិបត្តិ​កូវីដ១៩ កំពុង​ស្ថិត​លើ​ទិសដៅ​ទៅ​រក​ភាព​ធូរ​ស្រាល៕

ចំណែក