សម្ដេចតេជោ ហ៊ុន សែន៖ មេឃុំ-ចៅសង្កាត់មួយចំនួន ម៉ោង៩ហើយមិនទាន់ចូលធ្វើការ ពលរដ្ឋទៅពឹងពាក់រកមិនឃើញ

32

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បានថ្លែងថា មានមេឃុំនិងចៅសង្កាត់មួយចំនួន ម៉ោង៩ព្រឹកហើយ នៅមិនទាន់ចូលធ្វើការទៀត ធ្វើឲ្យប្រជាជនទៅរកមិនឃើញ ។

សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែង​បញ្ជាក់​បែប​នេះ​នៅ​អំឡុង​ពេល​សម្ដេច​​អញ្ជើញ​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ស្ពាន​មិត្តភាព​កម្ពុជាចិន​ ស្ទឹង​ត្រង់ក្រូចឆ្មារ នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩មិនត្រូវឲ្យរាំងស្ទះការងាររដ្ឋបាលឡើយ ព្រោះជាតម្រូវការប្រជាជន ។

សម្ដេចតេជោមានប្រសាសន៍ថា «មេឃុំ ត្រូវមានអ្នកប្រចាំការ មេឃុំត្រូវចូលកន្លែងស្នាក់ការឃុំម៉ោង៧ព្រឹក ។ តាមខ្ញុំដឹង ហេតុផលកូវីដនេះ ធ្វើឲ្យមេឃុំមួយចំនួនម៉ោង៩ព្រឹក មិនទាន់ចូលស្នាក់ការទេ ប្រជាជនទៅរកអត់ឃើញទេ ។ យើងយល់កុំដេកដួលរមួល សំគ្រិច សូមឲ្យយកចិត្តទុកដាក់ផ្ដល់សេវាជូនប្រជាជន»

សម្ដេចតេជោបន្ដថា ប្រជាជនត្រូវការមេឃុំ ត្រូវការមេស្រុក ត្រូវការខេត្ត ដើម្បីដោះស្រាយបញ្ហានានា ដូច្នេះ ត្រូវមានអ្នកប្រចាំការ កុំផ្អែកលើបញ្ហាកូវីដ១៩ ហើយបែរជាកិច្ចការរដ្ឋបាលបោះបង់ចោល ក្នុងពេលប្រជាជនកំពុងមានតម្រូវការនានាឲ្យជួយដោះស្រាយ។

សម្ដេចតេជោ ក៏បានផ្ដាំផ្ញើដល់ឃុំសង្កាត់ ត្រូវព្យាយាមដោះស្រាយជូនប្រជាពលរដ្ឋក្រៅប្រព័ន្ធតុលាការ ហើយបើដល់តុលាការហើយ ត្រូវមានអ្នកចាញ់ មានឈ្នះ ។

ជាមួយគ្នាផងនោះ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែង​ថា រាជ​រដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​រហូត​ដល់​ជាង ២ ៣០០​លាន​ដុល្លារ​​សម្រាប់​ដោះ​ស្រាយ​បញ្ហា​នៃ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ១៩​ នៅ​ក្នុង​រយៈ​ពេល​ជិត២​ឆ្នាំ​កន្លង​មក​នេះ។

សម្ដេច​តេជោ ហ៊ុន សែន ថ្លែង​ថា​៖ «ខ្ញុំ​សោក​ស្ដាយ​ណាស់​នៅ​ត្រង់​ថា អា​កូវីដ១៩​នេះ វា​បាន​ស៊ី​ស្ពាន​របស់​ខ្ញុំ​ប្រហែល​ជា ២០​ស្ពាន។ អា​ហ្នឹង​គិត​តម្លៃ​ខ្ពស់​ផង»

សម្ដេច​តេជោ ហ៊ុន សែន ថ្លែង​បន្ត​ថា​៖ «ប៉ុន្តែ អត់​នឹក​ស្មាន​ថា អា​កូវីដ​វា​ទទួល​ទាន​អស់ ២៣០០​លាន​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​កូវីដ។ អីចឹងធ្វើ​ឱ្យ​យើង​ត្រូវ​បន្ត​ស្នើ​សុំ​មិត្ត​ចិន​ជួយ​បន្ត​ទៀត ហើយ​មិត្ត​ចិន​នឹង​បន្ត​ជួយ​ទៅ​តាម​គម្រោង​ដែល​យើង​បាន​ដាក់»

ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​បញ្ជាក់​ថា នៅ​មុន​ផ្ទុះ​ការ​ឆ្លង​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ១៩​ សម្ដេច​គ្រោង​សាង​សង់​ស្ពាន​ជាច្រើន​ឆ្លង​កាត់​ទន្លេ និង​ស្ទឹង​នានា​នៅ​ទូទាំង​ប្រទេស​ បន្ទាប់​ពី​កម្ពុជា​ទទួល​បាន​ប្រាក់​សន្សំ​ច្រើន៕

រូបភាព ៖ ឯកសារ

ចំណែក