លោកបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប២០ ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យអន្តរជាតិ IU

ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត ​នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញនេះ បានអញ្ជើញ​ជា​អធិបតីក្នុងពិធីអបអរសាទរខួប២០ ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យអន្តរជាតិ IU

ក្នុងឱកាសនោះ​លោកបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍កោតសរសើរចំពោះកិច្ចខិតខំប្រឹង​ប្រែងរបស់គណៈគ្រប់គ្រង, សាស្ត្រាចារ្យ និងបុគ្គលិក គ្រប់ជាន់ថ្នាក់ ដែលបានជួយឱ្យសាកល​វិទ្យាល័យ​មានការអភិវឌ្ឍរីកចម្រើនរហូតពង្រីកសាខាទៅតាមបណ្តាខេត្តដូចបច្ចុប្បន្ន ព្រម​ជាមួយនឹងការប្រកាន់ខ្ជាប់ ​និងអនុលោមតាមនិយាមកម្មវិធីសិក្សាថ្នាក់ជាតិ និងអន្តរជាតិ។ លោកបណ្ឌិត បានបន្ថែមទៀតថា ក្រោមការដឹកនាំរបស់គណៈគ្រប់គ្រងទាំងមូល សាកល​វិទ្យាល័យ បានពង្រឹង និងពង្រីកសក្តានុពលរបស់ខ្លួនក្នុងបេសកកម្មនៃការ​បណ្តុះបណ្តាលប្រកប​ដោយ​គុណភាព និងកិត្យានុភាព ក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ក្នុងទិសដៅឆ្លើយតបទៅ​នឹងតម្រូវការ ​និងការវិវឌ្ឍនៃសង្គមសេដ្ឋកិច្ចក្នុងយុគសម័យនៃបដិវត្តន៍ឧហ្សាហកម្មជំនាន់ទី ៤ និង​ឌីជីថល​រូបនីយកម្ម ក្រោមកិច្ចសហការជាមួយស្ថាប័ន, អង្គភាព និងដៃគូក្នុងរាជរដ្ឋាភិបាល, វិស័យឯកជន និងក្រៅប្រទេស ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត សូមសម្តែងនូវការរឭកនឹកឃើញ និងឧទ្ទិសកុសលផលបុណ្យ​ជូន​ដល់​វិញ្ញាណក្ខន្ធ​របស់ ឯកឧត្តមសាស្ត្រាចារ្យ អ៊ួន សាបូ ដែលជាអតីតសាកលវិទ្យាធិការទី១ នៃ​សាកលវិទ្យាល័យអន្តរជាតិ ដែលលោកតែងមានទស្សនៈវែងឆ្ងាយក្នុងការលើកស្ទួយវិស័យអប់រំ តាមរយៈការ​ផ្តួចផ្តើម​កសាង​មូលដ្ឋាន​នៃសមិទ្ធផលទាំងនេះ ឱ្យបានរីកចម្រើនលូតលាស់សម្រាប់​បណ្តុះ​ពុទ្ធិ​ដល់កូនខ្មែរជំនាន់ក្រោយៗ ។

លោកបណ្ឌិត មានប្រសាសន៍ទៀតថា សមិទ្ធផលគួរជាទីមោទនៈ ទាំងអស់នេះ បាន​ស្តែងឱ្យ​ឃើញ​អំពីតួនាទីមិនអាចអាចខ្វះបាននៃ ​វិស័យឯកជន នៅក្នុងការចូលរួមបណ្តុះបណ្តាល និងបង្កើត​ធនធាន​មនុស្សកម្ពុជា ដើម្បីឈានទៅសម្រេចបានតាមគោលដៅនៃគោល​នយោបាយ​អភិវឌ្ឍន៍​វិស័យអប់រំ ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។ ជាមួយនឹងការអភិវឌ្ឍធនធានមនុស្សតាមរយៈការអប់រំ, រាជរដ្ឋាភិបាល ក៏បាន និង កំពុងយក​ចិត្តទុកដាក់លើផ្នែកមួយទៀត ​គឺការធានាឱ្យប្រជាពលរដ្ឋមានសុខភាពល្អ ​ព្រោះថា ប្រទេសជាតិ​មួយមានការអភិវឌ្ឍប្រកបដោយភាពធន់, ចីរភាព ​និងមានភាពប្រកួតប្រជែងខ្ពស់ លុះត្រាតែ​ប្រជាពលរដ្ឋរបស់ខ្លួនមានចំណេះ, ជំនាញ និងសុខភាពល្អបរិបូណ៌។ ​សុខភាព​ល្អ​បរិបូណ៌​នេះ គឺជា​ទ្រព្យធនដ៏មានតម្លៃមហាសាល ​និងជាកត្តាចាំបាច់មិន​អាចខ្វះបាន នៅក្នុងកិច្ចដំណើរការ​នៃការ​អភិវឌ្ឍជាតិ។

ចុងបញ្ចប់លោកបណ្ឌិត ហ៊ុន ម៉ាណែត សូមធ្វើការលើកទឹកចិត្តបន្ថែមទៀតដល់ថ្នាក់ដឹកនាំ​សាកល​វិទ្យាល័យ​អន្តរជាតិគ្រប់កម្រិត ​និងគ្រប់ផ្នែក បន្តយកចិត្តទុកដាក់រៀបចំកម្មវិធីសិក្សារបស់​ខ្លួន​ឱ្យ​ស្របតាមស្តង់ដារ​កម្មវិធីសិក្សាជាតិ ​និងអន្តរជាតិ ​ទាំងក្នុងវិស័យសុខាភិបាល និង​ក្រៅវិស័យ​សុខាភិបាល ​ដែលសាកលវិទ្យាល័យអន្តរជាតិ កំពុងអនុវត្តនៅតាមសាខារបស់​សាកល​វិទ្យាល័យ​ដែលមានស្រាប់ ​មិនថា​នៅរាជធានីភ្នំពេញ ឬតាមបណ្តាខេត្តនោះឡើយ៕

CATEGORIES
Share This