អតីតយុទ្ធជនពិការមានជីវភាពខ្វះខាតចំនួន២០គ្រួសារនៅក្នុងតំបន់អភិវឌ្ឍន៍ថ្មីក្នុងស្រុកគាស់ក្រឡ ទទួលបានអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជា

ខេត្តបាត់ដំបង៖ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២នេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកគាស់ក្រឡ ដឹកនាំដោយលោក ញឹក សារ៉ែន ប្រធានគណ:កម្មាធិការអនុសាខា និងសហការី បានអញ្ចើញចុះសួរសុខទុកនិងនាំយកអំណោយមនុស្សធម៌របស់អនុសាខាផ្តល់ជូនបងប្អូនអតីតយុទ្ធជនមានពិការភាព ដែលមានជីវភាពខ្វះខាតចំនួន ២០គ្រួសារ រស់នៅតំបន់អភិវឌ្ឍន៍ថ្មី ក្នុងភូមិគោករការ ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។

នាឱកាសនោះក្នុងនាមសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង លោក ញឹក សារ៉ែន បានសម្តែងនូវក្តីសោមនស្សរីករាយ និងបានពាំនាំប្រសាសន៍របស់ឯកឧត្តម សុខ លូ ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខចំពោះបងប្អូនអតីតយុទ្ធជនទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្តការពារបូរណភាពទឹកដី និងពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ ជាពិសេសធ្វើឱ្យប្រទេសជាតិទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ និងប្រកបដោយភាពស្និតស្នាល និងការស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុត និងតែងតែយកចិត្តទុកដាក់គិតគូរជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោល “ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ។

លោកប្រធានអនុសាខាស្រុក បានលើកឡើងថា « សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានគិតគូរយ៉ាងហ្មត់ចត់ ដែលក្នុងនាមជាភរិយារបស់សម្តេចតេជោ ហ៊ុន សែន និងជាអតីតអ្នកដែលធ្លាប់បានចូលរួមតស៊ូរំដោះជាតិនាពេលកន្លងមកផង ដែលបានធ្វើឱ្យសម្តេចតែងតែចងចាំជានិច្ច និងតបស្នងក្នុងនាមស្ថាប័នមនុស្សធម៌ តាមរយៈការសាងសង់ផ្ទះ និងផ្តល់អំណោយជាស្បៀង-សម្ភារដើម្បីជួយសម្រាលការលំបាកផ្នែកជីវភាពជូនដល់បងប្អូនអតីតយុទ្ធជននាពេលនេះ។

អំណោយដែលអនុសាខាផ្តល់ជូនក្នុង០១គ្រួសារទទួលបាន៖ -អង្ករ ២០ គីឡូក្រាម,មី០១កេស,ទឹកត្រី០១+ទឹកស៊ីអ៊ីវ០១យួរ,ត្រីខ០១យួរ និងថវិកាមួយចំនួនផងដែរ។

CATEGORIES
Share This