អភិបាលខេត្តបាត់ដំបង ជំរុញដល់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ មន្ទីរទេសចរណ៍ខេត្ត ត្រូវនាំយកនូវមុខម្ហូបខ្មែរ ដែលបាត់បង់ និងកំពុងតែមានការពេញនិយម ក្នុងព្រឹត្តិការណ៍នៃការដាក់តាំងពិព័រណ៍ម្ហូបអាហារ

បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង ដោយមានកិច្ចសហការជាមួយមន្ទីរទេសចរណ៍ខេត្ត មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត នឹងរៀបចំព្រឹត្តិការណ៍នៃការដាក់តាំងពិព័រណ៍ម្ហូបអាហាររបស់អ្នកខេត្តបាត់ដំបង មានរយៈពេល២ថ្ងៃនៅចុងខែធ្នូ ឆ្នាំ២០២២ ក្នុងគោលបំណង ដើម្បីអបអរសាទរពិធីបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២២ ចូលឆ្នាំ២០២៣ ដោយរដ្ឋបាលខេត្តបាត់ដំបង បានកំណត់យកទីតាំងសម្រាប់រៀបចំព្រឹត្តិការណ៍ពិព័រណ៍មុខម្ហូបរបស់អ្នកខេត្តបាត់ដំបងនេះ គឺចាប់ពីសួននាគបាញ់ទឹក ដល់មុខអគារអគារសាលាខេត្តបាត់ដំបង ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍នេះឱ្យដំណើរការទៅដោយរលូននិងជោគជ័យនោះ រដ្ឋបាលខេត្តបានបើកកិច្ចប្រជុំពិភាក្សាគ្នាមួយនាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ នៅសាលាខេត្តបាត់ដំបង ដោយផ្តោតសំខាន់ក្នុងការឆ្លងនូវពង្រាងគម្រោងប្លង់មេ ដែលទាក់ទិនផែនការសកម្មភាពជាក់លាក់ក្នុងការកំណត់យកគោលដៅសម្រាប់ការរៀបចំ និងការប្រព្រឹត្តទៅនៃសកម្មភាពចូលរួមរបស់ស្ថាប័ន មន្ទីរ អង្គភាព អាជ្ញាធរពាក់ព័ន្ធ និងក្រុមអាជីវករ ជាពិសេសពីម្ចាស់បណ្តា ភោជនីយដ្ឋានក្នុងខេត្ត ដែលមានមេចុងភៅចំណានៗបានចូលរួមក្នុងការដាក់បង្ហាញម្ហូបអាហារ សម្រាប់ទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានចូលរួមកម្សាន្ត និងទស្សនាក្នុងឱកាសនេះ ។

ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង លោក អ៊ុចអ៊ុ ភីនីស្សារ៉ា បានបង្ហាញថា ម្ហូបអាហារមិនត្រឹមតែអាចចញ្ចឹមជីវិតមនុស្សបានប៉ុណ្ណោះទេ តែម្ហូបអាហារបានឆ្លុះបញ្ហាញពីវប្បធម៌ ទំនៀមទម្លាប់ និងភាពច្នៃប្រឌិតរបស់សង្គមមួយផងដែរ ហើយភាពសម្បូរបែប និងភាពច្នៃប្រឌិតនៃម្ហូបអាហារឱ្យមានឱជារសឈ្ងុយឆ្ងាញ់ គឺសបញ្ជាក់ពីភាពស៊ីវីល័យ និងបានបង្ហាញនូវអត្តសញ្ញាណរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះថែមទៀតផង ។

លោកប្រធានមន្ទីរ បានរំលេចឱ្យដឹងថា កម្ពុជា ជាប្រទេស ដែលមានអរិយធម៌ វប្បធម៌ ដ៏ចំណាស់បានបន្សល់ទុកនូវស្នាដៃជាច្រើនក្នុងការចម្អិនមុខម្ហូបពិសេសៗ ជាច្រើនមុខ សម្រាប់កូនចៅជំនាន់ក្រោយអាចបន្តចម្អិនមុខម្ហូប ដែលមានឱជារសឈ្ងុយឆ្ងាញ់រហូតដល់សព្វថ្ងៃទៅតាមតំបន់នីមួយៗ ដែលមុខម្ហូបមួយចំនួនអាចមានឈ្មោះដូចគ្នា តែត្រូវបានចម្អិន និងប្រើប្រាស់វិធីសាស្ត្រ ព្រមទាំងគ្រឿងផ្សំផ្សេងៗគ្នា និងមានឱជារសប្លែកពីគ្នាផងដែរ ។

លោក អ៊ុចអ៊ុ ភីនីស្សារ៉ា បានបន្តថា ការពិតបាត់ដំបង ជាខេត្តមួយដែលមានប្រវត្តិសាស្ត្រ វប្បធម៌ ទំនៀមទម្លាប់យ៉ាងសម្បូរបែប តាំងពីដើមមក ។ បាត់ដំបងត្រូវបានចាត់ទុកជាខេត្ត ជង្រុកស្រូវ ដ៏សំខាន់ និងសម្បូរទៅដោយមុខម្ហូបឆ្ងាញ់ៗជាច្រើនប្រភេទ និងច្រើនទម្រង់ ។ ភ្ញៀវទេសចរភាគច្រើន ជាពិសេស ភ្ញៀវទេសចរក្នុងស្រុក ពេលដែលបានឮពីឈ្មោះបាត់ដំបង តែងតែនឹកឃើញដល់បទចំរៀងរបស់លោកតា ស៊ិន ស៊ីសាមុត ដែលបានរៀបរាប់ពីមុខម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់របស់អ្នកខេត្តបាត់ដំបង មានដូចជា អាម៉ុកត្រី ត្រីប្រៃ ណែមត្រី និងម្ហូបអាហារជាច្រើនមុខទៀត និងដំណាំផ្លែឈើដូចជាក្រូចពោធិ៍សាត់ ដូងខ្ទិះ ព្រមទាំងបង្អែម ដែលមានរស់ជាតិឆ្ងាញ់ពិសា ជាស្នាដៃរបស់អ្នកបាត់ដំបង រហូតដល់ភ្ញៀវខ្លះប្រាថ្នាមកលេងបាត់ដំបង ដើម្បីបាមភ្លក្សមុខម្ហូបទាំងនោះថែមទៀតផង ។

អភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានជំរុញដល់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត មន្ទីរទេសចរណ៍ខេត្ត ត្រូវនាំយកនូវមុខម្ហូបខ្មែរ ដែលបាត់បង់និងកំពុងតែមានការពេញនិយមល្បីៗនៅក្នុងខេត្ត មកដាក់តាំងបង្ហាញនិងបំផុសអ្នកដែលមានថ្វីដៃក្នុងការចម្អិនដណ្តាំស្លរមុខម្ហូបទាំងនោះឱ្យពួកគាត់បានចូលរួមតាមរយៈនៃការលើកទឹកចិត្ត ដើម្បីយកមកបង្ហាញឱ្យគេបានឃើញ បានដឹង បានស្គាល់ និងបានភ្លក្សរសជាតិ ពីម្ហូបខ្មែររបស់អ្នកខេត្តបាត់ដំបងយើង ។

ឯកឧត្តម អភិបាលខេត្តបាត់ដំបង បានលើកឡើងថា ក្រុងបាត់ដំបងដែលល្បីល្បាញ និងប្លែកពីគេខាងម្ហូបអាហារ នឹងក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរណ៍វប្បធម៌ តាមរយៈនៃមុខម្ហូបរបស់អ្នកខេត្តបាត់ដំបង ។

សូមបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារនេះដែរ រដ្ឋបាលខេត្តបាត់ដំបង គ្រោងរៀបចំឲ្យមានការដាក់តាំងពិព័ណ៌ផលិតផលផ្សេងៗ និងការសម្តែងសិល្បៈ របាំប្រពៃណី និងរបាំប្រជាប្រីយ៍របស់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត ការសម្តែងសៀករបស់អង្គការហ្វាពន្លឺសិល្បៈខេត្ត ការប្រគុំតន្ត្រី និងការបាញ់កាំជ្រួចតូច ធំ នៅរាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដើម្បីអបអរសាទរការឆ្លងឆ្នាំចាស់ឈានចូលឆ្នាំថ្មី ឆ្នាំសាកល នារាត្រីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ផងដែរ ។

CATEGORIES
Share This