អនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិក បើកការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ខេត្តប្រចាំឆ្នាំ២០២១

6

កំពង់ធំ៖ អនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិក បើកការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២១ ដើម្បីផ្ដល់ឱកាសឱ្យក្រុមកីឡាករ កីឡាការិនី ខ្សោយសតិបញ្ញា​ បញ្ចេញ​បញ្ញា​របស់ខ្លួនដូច កីឡាករផ្សេងទៀតផងដែរ។

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១, នៅពហុកីឡាដ្ឋានខេត្តកំពង់ធំ លោក ញ៉ឹក បានខេង អភិបាលរងខេត្តកំពង់ធំ អញ្ជើញបើកការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ខេត្ត។

ក្នុងឱកាសនោះដែរ លោកលើកឡើងថា ​ការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់​ខេត្ត​ប្រចាំឆ្នាំ២០២១ ក្នុងគោលបំណងគឺ ​ផ្ដល់ឱកាសឱ្យក្រុមកីឡាករ កីឡាការិនី ​ខ្សោយ​សតិបញ្ញា ថ្នាក់ភូមិ ឃុំ ស្រុក ខណ្ឌ ខេត្ត និងខេត្ត បានជួបជុំគ្នា ធ្វើការប្រកួតប្រជែង ​ដើម្បីចែករំលែក បទពិសោធន៍ ​ភាពសប្បាយរីករាយ ​ពីគ្នាទៅវិញទៅមក។

ការប្រកួតមិនមែនដើម្បីតែជ័យជំនះម៉្យាងនោះទេ ​គឺដើម្បីមិត្តភាព សាមគ្គី ភាព ​បំបាត់ការរើសអើង និងផ្ដល់ឱកាសចូលរួមសកម្មភាពក្នុងសង្គមតាមរយៈវិស័យកីឡា ​ស្របតាមចលនា ស្ប៉េស្យាល់អូឡាំពិក​ ថ្នាក់ជាតិ ថ្នាក់តំបន់​ និងថ្នាក់ពិភពលោក។ ​ជាពិសេស ការប្រកួតនេះដើម្បី​ជ្រើស​រើស​កីឡាករ កីឡា ការិនីឆ្នើម ទៅចូលរួមការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ជាតិ នាដើមខែធ្នូខាងមុខផងដែរ។

ជាមួយគ្នានេះលោក ឃ្លាំង ចន្ធូ អគ្គលេខាធិការជាតិកីឡាស្ប៉េស្យាល់ ​បញ្ជាក់ដែរថា កីឡាស្ប៉េស្យាល់អូឡាំពិក ​រាជធានី ខេត្ត ​ក៏ដូចជាអង្គការ ​សមាគមនានា ​ដែលគ្រប់គ្រង ផ្ទាល់ ជួយដល់ជនពិការខ្សោយសតិបញ្ញា​ និងផ្ដល់ឱកាសឱ្យពួកគាត់បាន​ហ្វឹកហាត់ ការត្រួត​ពិនិត្យ​សុខភាព ​និងការចូលរួមការប្រកួតនានា ​ដែលគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បាន​រៀបចំតាមកម្មវីធី ជារៀងរាល់ឆ្នាំ។ ហើយម៉្យាងវិញទៀត​ គឺមានតែក្រុមគ្រួសារ ឪពុក ម្ដាយ អាណាព្យាបាល​ ឬអ្នកដែលជិតបំផុតរបស់កីឡាករ ​កីឡាការិនី បញ្ញាខ្សោយប៉ុណ្ណោះ ដែលជា​កត្តាសំខាន់បំផុត ​ក្នុងការបំផុសជំរុញលើកទឹក​ ចិត្តដល់ពួកគាត់ ដើម្បីចូលរួមប្រកួត​កីឡា​ស្ប៉ាស្យាល់​អូឡាំពិកកម្ពុជា។

មកដល់ពេលនេះ ឃើញថា​បាន​បង្កើត​អនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិករាជធានី ខេត្តចំនួន១៤​ រួចហើយត្រឹមឆ្នាំ២០២១​ រួមមាន ៖ អនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិក រាជធានីភ្នំពេញ​ ខេត្តសៀមរាប ​ខេត្តកំពង់ធំ ខេត្តបាត់ដំបង ​ខេត្តបន្ទាយមានជ័យ ​ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម និងខេត្តព្រះវិហារ ​ដើម្បីឆ្លើយតបនឹងតម្រូវការអភិវឌ្ឍ​ចលនាស្ប៉េស្យាល់ ​អន្តរជាតិ ក៏ដូចជា​ចលនា​ស្ប៉េស្យាល់អូឡាំពិកកម្ពុជា ​មានការហ្វឹកហាត់ពេញមួយឆ្នាំ និងចូលរួមរាល់សកម្មភាពទាំងថ្នាក់​រាជធានី ​ខេត្តថ្នាក់ជាតិ ​និងអន្តរជាតិផងដែរ៕

ចំណែក