នគរបាលវរការពារព្រំដែនគោក៨១៥ ឃាត់ពលរដ្ឋ និងកុមារ២២នាក់  ខណ:ព្យាយាមឆ្លងដែនខុសច្បាប់ ចូលប្រទេសថៃ

បន្ទាយមានជ័យ ៖ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរនគរបាលការពារព្រំដែនគោកលេខ៨១៥ កាលពីរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ បានចាត់អោយមេបញ្ជាការរង ដឹកនាំកម្លាំងនគរបាលប៉ុស្តិ៍ចំបក់  សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំបឹងបេង ទប់ស្កាត់ប្រជាពលរដ្ឋចំនួន ២២នាក់ (ស្រី០៩នាក់ កុមារ០៥នាក់) បម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ នៅចំណុចផ្ទះដែលម្ចាស់ទុកចោល មួយកន្លែងក្នុងភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក សួង សៅ បានបញ្ជាក់ថា ដោយទទួលបានការណែនាំ និងបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការឡេបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលតាមព្រំដែនត្រូវមានទំនាក់ទំនងល្អជាមួយអាជ្ញាធរពាក់ព័ន្ធ និងត្រូវបង្ក្រាបរាល់បទល្មើឆ្លងដែនគ្រប់ប្រភេទ បានស្ទាក់ឃាត់យកមកសួរនាំ និងអប់រំ ដោយពួកគាត់ខ្លះត្រូវបានមេខ្យល់យកមកបោះបង់ចោលនៅព្រំដែន និងពួកគាត់បានព្យាយាមឆ្លងដែនចូលទឹកដីថៃដោយខុសច្បាប់ ។

ពលរដ្ឋទាំងនោះមកពីខេត្ត ចំនួន០៤គឺ:១-បន្ទាយមានជ័យ ចំនួន១៣នាក់, ២-ឧត្តរមានជ័យ ចំនួន០១នាក់, ៣.ខេត្តបាត់ដំបង ចំនួន០៤នាក់, ៤.កំពង់ធំ ចំនួន០៤នាក់ ។

តាមការសួរនាំ ពួកគាត់ជិះរថយន្តឈ្នួលមកចុះនៅចំណុចផ្លូវចូលច្រកបឹងបេង រួចធ្វើដំណើរទៅឈប់សម្រាកក្នុងផ្ទះមួយកន្លែង (ដែលម្ចាស់ទុកចោល) ចម្ងាយ ប្រហែល ១០០ម៉ែត្រ ពីផ្លូវជាតិ បំណងឆ្លងទៅប្រទេសថៃ (ស៊ីឈ្នួលកាប់អំពៅ) ។

បន្ទាប់ពីធ្វេីការសួរនាំ និងធ្វេីកិច្ចសន្យារួច បានប្រគល់ពួកគាត់ជូនផ្នែកជំនាញរបស់អធិការនគរបាលស្រុកម៉ាឡៃ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

CATEGORIES
Share This