សម្ដេចក្រឡាហោម ស ខេង អញ្ជើញក្រុងពាលីបញ្ចុះបឋមសិលាសាងសង់វិមានឯករាជ្យសួនសម្តេចក្រឡាហោមវិមានឯករាជ្យ និងផ្សាររាត្រី

ខេត្តបាត់ដំបង! នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទីបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់វិមានឯករាជ្យសួនសម្តេចក្រឡាហោម វិមានឯករាជ្យ និងផ្សាររាត្រី ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

នាឱកាសនោះដែរ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍លើកឡើងថា កម្ពុជាយើងការបោះឆ្នោតគឺជាសិទ្ធិមិនមែនជាកាតព្វកិច្ចទេ មានន័យថាយើងទៅបោះឆ្នោតក៏បាន មិនទៅបោះក៏អត់មានកំហុស ដែលមានប្រទេសខ្លះគេចាត់ទុកជាកាតព្វកិច្ច ហើយក៏ជាប្រទេសប្រជាធិបតេយ្យ ប៉ុន្តែទោះបីយ៉ាងនេះក៏ដោយដើម្បីយើងចូលរួមថែរក្សាសុខសន្តិភាពរបស់យើងបន្តទៅទៀត យើងត្រូវតែចាត់ទុកថាយើងជាយុទ្ធជនម្នាក់ក្នុងសម័យប្រកាន់របបប្រជាធិបតេយ្យ សេរីពហុបក្ស តែយើងមិនកាន់កាំភ្លើងទេ គឺយើងកាន់ប៊ិច កាន់ដៃខ្មៅ ដើម្បីប្រយុទ្ធក្នុងការគូសសន្លឹកឆ្នោត ដើម្បីអោយស្រុកទេសយើងបន្តសុខសន្តិភាព និងរីកចម្រើនបន្តទៀត។

បន្ថែមពីនេះដើម្បីបរិស្ថាន សម្តេចក្រឡាហោម ស ខេង ក៏បានសំណូមពរសូមអោយបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងបាត់ដំបងបន្តគាំទ្រចូលរួមដើម្បីការពារមេដាយទីក្រុងបៃតងនេះអោយខានតែបានដើម្បីសុខភាពយើង ព្រោះមានដើមឈើច្រើនវាជួយបរិស្ថាន វាជួយទប់កំដៅ វាជួយស្រូបយកជាតិពុល ដូច្នេះយើងបន្តដើម្បីនឹងអភិវឌ្ឍន៍បន្ថែមទៀត ជម្រុញការដាំដើមឈើ និងមួយវិញទៀតចំណីអាហារនៅពេលដែលគេចូលមកឃើញស្អាត ម្ហូបអាហារអនាម័យបើទោះបីជាឆ្ងាញ់ឬមិនឆ្ងាញ់វាជារឿងមួយប៉ុន្តែអនាម័យជាកត្តាចម្បង ទាំងនេះហើយជាការរួមចំណែកមួយដើម្បីនិងកែលំអសោភ័ណភាពជាការទាក់ទាញភ្ញៀវទេសចរ ក៏ដូចជារួមចំណែកក្នុងការប្រមូលចំណូលជូនប្រជាពលរដ្ឋទោះបីផ្ទាល់ឬមិនផ្ទាល់។

ជាចុងក្រោយក្នុងឋានៈជាសមាជិករដ្ឋាភិបាលម្នាក់ផង ជាប្រធានក្រុមការងាររដ្ឋាភិបាលផង ប្រធានក្រុមការងារគណបក្សផង និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបងផង សម្តេចក៏បានថ្លែងអំណអគុណដែលប្រជាពលរដ្ឋបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដោយសម្តេចបានធ្វើជាតំណាងរាស្ត្រនៅខេត្តបាត់ដំបងតាំងពីឆ្នាំ១៩៩៣ រហូតដល់ឥឡូវនេះ ហើយសម្តេចនិងបន្តជួយអោយអស់លទ្ធភាព។

CATEGORIES
Share This