បើកបរម៉ូតូក្នុងល្បឿនលឿនអកសឺហ្វ្រាំងមិនទាន់ជ្រុលបុករថយន្តបម្រុងបត់ឆ្វេងបណ្តាលអោយដួលរងរបួសធ្ងន់
ខេត្តបាត់ដំបង! ក្មេងសិស្សសាលាម្នាក់បានរងរបួសធ្ងន់ក្រោយជិះម៉ូតូក្នុងល្បឿនយ៉ាងលឿនអកសឺហ្វ្រាំងមិនទាន់បានរ៉េចង្កូតជ្រុលទៅបុកប៉ះជាមួយរថយន្តមួយគ្រឿងដែលបើកបរបម្រុងបត់ឆ្វេង ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៣និង០០នាទី ថ្ងៃទី១៤.ខែធ្នូ ឆ្ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវលេខ០១ ត្រង់ចំណុចខាងមុខធនាគារជាតិនៃកម្ពុជា សាខាខេត្តបាត់ដំបង ស្ថិតក្នុងភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។
ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្តស៊ីណា ពណ៌ស មួយគ្រឿងពាក់ផ្លាកលេខ ពោធិ៍សាត់ 2B -2359បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើបានបើកបម្រុងបត់ឆ្វេងភ្លាមនោះក៏មានម៉ូតូម៉ាកហុងដាឃ្លីចពណ៌ស មួយគ្រឿង ពាក់ផ្លាកលេខ 1AI -7756 បើកបរដោយក្មេងសិស្សសាលាម្នាក់ឈ្មោះ ទុន ប៊ឺត ភេទប្រុស អាយុ ១៤ឆ្នាំ រស់នៅក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿនក៏អកសឺហ្វ្រាំងមិនទាន់បានរ៉េចង្កូតជ្រុលទៅបុកប៉ះជាមួយរថយន្តពេញទំហឹងបណ្តាលអោយដួលរងរបួសធ្ងន់ត្រូវបានឪពុកម្តាយដឹកទៅសង្គ្រោះព្យាបាលនៅឯមន្ទីរពេទ្យចំណែកម៉ូតូខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅដល់ដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះព្យាបាលនៅឯមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរត្រូវបានវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់។