រថយន្ត ២គ្រឿង បុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្ស ០៤នាក់ រងរបួសធ្ងន់ស្រាល

បាត់ដំបង ៖ យ៉ាងហោចណាស់មនុស្សប្រុសស្រីចំនួន០៤នាក់ បានរងរបួសធ្ងន់និងស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត២គ្រឿង បុកគ្នាពេញទំហឹង កាលពីថ្ងៃទី២០  ខែមីនា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចក្រុមទី០៩ ស្ថិតក្នុងភូមិជ្រោយស្តៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ។ 

សមត្ថកិច្ច បានអោយដឹងថា ដំបូងឡើយគេឃើញរថយន្តដឹកដីមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ(HYUNDAI)ពណ៌ស ស៊េរីឆ្នាំ១៩៩៥ ពាក់ផ្លាកលេខ បន្ទាយមានជ័យ(3A-0562) បើកបរដោយឈ្មោះ វណ្ណ វឿន ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុបានបត់ឆ្វេងឆ្លងផ្លូវ ភ្លាមនោះក៏ស្រាប់តែមានរថយន្តសេរីទំនើបធុនតូចមួយគ្រឿងម៉ាកលុចស៊ីសជីអេស(LEXUS GS) ពណ៍ទឹកប្រាក់  ពាក់ផ្លាកលេខភ្នំពេញ2R-6288 បើកបរមកពីក្រោយដោយឈ្មោះ ញឹក សុជាតិ ភេទប្រុស អាយុ៤៣ឆ្នាំ និងអ្នករួមដំណើរ០៣នាក់ ទី.១ឈ្មោះ ជឹម សុធា ភេទស្រី អាយុ៣៨ឆ្នាំ ទី២.ឈ្មោះ ជឹម សុខឿន ភេទស្រី អាយុ៣៤ឆ្នាំ ទី៣.ឈ្មោះ អីវណ្ណ ជេស៊ីកាឃោ ភេទស្រី អាយុ០៥ឆ្នាំ ទាំង០៤នាក់ មានទីលំនៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលទៅបុករថយន្តដឹកដីពេញទំហឹងបណ្តាលឱ្យទាំងអ្នកបើកបរនិងអ្នករួមដំណើរសរុប០៤នាក់ រងរបួសធ្ងន់ស្រាល ចំណែករថយន្តខូចខាតយ៉ាងដំណំ។ 

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះទៅដល់កន្លែងកើតហេតុ និងបានបញ្ជូនជនរងគ្រោះទៅសង្គ្រោះព្យាបាល នៅឯមន្ទីរពេទ្យ បន្ទាប់មកបានធ្វើការវាស់វែង និងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ ៕ 

ដោយ ៖ សាលី

CATEGORIES
Share This