ជនសង្ស័យម្នាក់ ត្រូវបានចាប់ខ្លួនបញ្ជូន ទៅតុលាការ ករណីជួញដូរ និងប្រើប្រាស់ថ្នាំញៀនខុសច្បាប់
បន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ បង្ក្រាបឃាត់ខ្លួន បញ្ជូនទៅតុលាការ នៅរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២នេះ ពាក់ព័ន្ធបទល្មើសជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ។
លោកវរសនីយ៍ត្រី ប៉ាន់ សៀន នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឱ្យដឹងដែរថា ជនសង្ស័យមានឈ្មោះ ហឿន មន្នី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ បច្ចុប្បន្នរស់នៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសនីយ៍ត្រី យ៉ាន់ សុវណ្ណ ជាមេបញ្ជាក្រុង ធ្វើការបង្ក្រាបឃាត់ខ្លួន កាលពីព្រលប់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចជើងភ្នំខ្លាកូន ស្ថិតក្នុងភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការដកហូតនូវវត្ថុតាងមួយចំនួន ដូចជា ៖ ថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លា ចំនួន ០៧កូនថង់កិប ទម្ងន់ ២៥,៥២ក្រាម, ថ្នាំញៀនប្រភេទ គ្រាប់រាងមូលពណ៌ក្រហមក្បឿង ចំនួន០២គ្រាប់ ទម្ងន់ ០,៥៦ក្រាម, ម៉ូតូ ១គ្រឿង, ទូរស័ព្ទដៃ ១គ្រឿង, និងសម្ភារៈមួយចំនួនទៀតផងដែរ ។
លោកបន្តថា ក្រោយទទួលបាន ការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ជនសង្ស័យត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅ តុលាការដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕