ពលករខ្មែរប្រុសស្រីជាង១០នាក់ បានស្លាប់និងរបួស ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នៅប្រទេសថៃ

15

បរទេស ៖ យ៉ាងហោចណាស់ពលករខ្មែរប្រុសស្រីចំនួន០៥នាក់ បានស្លាប់ និង០៨នាក់ផ្សេងទៀត រងរបួសធ្ងន់ស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្តបើកបុកបង្គោលភ្លើង នៅក្នុងប្រទេសថៃ ។

សេចក្តីរាយការណ៍ បានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់បណ្តាលអោយពលករខ្មែរស្លាប់ និងរបួសជាច្រើននាក់ខាងលើនេះ បានកើតឡើងនៅអំឡុងវេលាម៉ោងជាង ៩ និង០០នាទីយប់ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ ត្រង់ចំណុចភូមិសាស្ត្រឃុំវ៉ាំងថង ស្រុកវ៉ាំងសុំប៊ូន ខេត្តស្រះកែវ ប្រទេសថៃ ។

រថយន្តដែលគ្រោះថ្នាក់ ក្នុងហេតុការណ៍នេះ មុនពេលកើតហេតុ បានដឹកពលករខ្មែរប្រុសស្រីសរុបចំនួន ១៣នាក់ បើកបរក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បាត់ការគ្រប់គ្រង ហើយបានរេចង្កូតទៅបុកសសរបង្គោលភ្លើងពេញទំហឹង ធ្វើឲ្យរថយន្តក្រឡាប់ជាច្រើនត្រឡប់ បណ្តាលឲ្យពលករខ្មែរនៅក្នុងរថយន្តចំនួន ០៥នាក់បានស្លាប់ភ្លាមៗ ក្នុងនោះជាស្ត្រី ៣នាក់ និង០៨នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាលតែម្តង ។

ក្រោយពេលកើតហេតុ សាកសពជនរងគ្រោះ ភ្លាមៗត្រូវបានកម្លាំងជំនាញរៀបចំ តម្កល់ទុកដាក់ ចំណែកពលករខ្មែរដែលរបួសធ្ងន់ចំនួន ០៨ នាក់ទៀត ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ នៅក្បែរទីតាំងកើតហេតុភ្លាមៗផងដែរ ៕

ដោយ ៖ សាលី

ចំណែក