អ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ ១៥០នាក់ ទទួលអំណោយ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង

បាត់ដំបង ៖ នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២នេះ  សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដែលមានឯកឧត្តម សុខ លូ ជាប្រធានគណៈកម្មាធិការសាខា  បានចាត់អោយមន្រ្តីប្រតិបត្តិសាខា នាំយកអំណោយ ចែកជូនប្រជាពលរដ្ឋជាអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ ១៥០នាក់ ក្នុងឱកាសទិវាពិភពលោក​ប្រយុទ្ធនឹងជំងឺអេដស៍​ ១​ធ្នូ​ ឆ្នាំ​២០២២ ក្រោមប្រធានបទ​ «ធ្វេីឱ្យមានសមភាព» ។

ពិធីនេះដែររៀបចំដោយគណៈកម្មាធិការ ប្រយុទ្ធនឹងជំងឺអេដស៍ខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងឯកឧត្តម ទិន សារ៉ាវុធ អភិបាលរងខេត្តតំណាង ឯកឧត្តម សុខ លូ អភិបាល ខេត្តបាត់ដំបង ដោយមានការចូលរួមពី ថ្នាក់ដឹកនាំមន្ទីរអង្គភាព​ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ តំណាងអង្គការសង្គមស៊ីវិល​ តំណាងអ្នកផ្ទុកមេរោគអេដស៍​ សិស្ស និស្សិត​ យុវជនកាកបាទក្រហម​កម្ពុជា និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា​ យុវជនកាយរិទ្ធ សរុបប្រមាណ​ ៦០០នាក់នៅបរិវេណសាលបណ្តុះបណ្តាលបន្តនៃមន្ទីរសុខភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង ស្ថិតក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបង ។

ក្នុងឱកាសនោះ​ លោក​ កុសុម សុភីនារ៉ា  នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា​ខេត្ត និងជាសមាជិកក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ខេត្ត បានអានជូនអង្គពិធីនូវសារលិខិតរបស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រ​ហម​កម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២២ ក្រោមប្រធានបទ «ធ្វើឱ្យមានសមភាព» ។ ​

ក្នុងសារលិខិតនោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ បានគូសបញ្ជាក់ពី មោទកភាពដែលរាជរដ្ឋាភិបាលបានគ្រប់គ្រងការរីករាលដាលមេរោគឆ្លងនានា រួមទាំងមេរោគអេដស៍ បានល្អប្រសើរ ខណៈដែលកម្ពុជាបានបើកប្រទេសពេញលេញឡើងវិញ ដើម្បីស្តារនិងជំរុញកំណើនសេដ្ឋកិច្ច ក្នុងបរិការណ៍ជំងឺកូវីដ-១៩, ជាពិសេសសកម្មភាពចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់ រួមមាន រដ្ឋអំណាចមូលដ្ឋានគ្រប់ជាន់ថ្នាក់, ស្ថាប័នឯកជន និងដៃគូអភិវឌ្ឍ ដែលបានផ្តល់ថ្នាំ និងប័ណ្ណសមធម៌ ជាមួយនឹងថវិកាទ្រទ្រង់ជីវភាពដល់អ្នកផ្ទុកមេរោគអេដស៍, ធ្វើឱ្យអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍រាប់ម៉ឺននាក់ មានសុខភាពល្អ, មានក្តីសង្ឃឹម, អាចរស់នៅក្នុងភាពថ្លៃថ្នូរ, ស្មើមុខស្មើមាត់, ពុំមានការរើសអើង ក្នុងសង្គមជាតិ។

ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអំពាវនាវដល់បងប្អូនជនរួមជាតិ សូមចូលរួមអនុវត្តទាំងអស់គ្នា នូវផែនទីយុទ្ធសាស្ត្ររាជរដ្ឋាភិបាល ដើម្បីសម្រេចបានការបញ្ចប់អេដស៍នៅឆ្នាំ២០២៥ និង «ការធ្វើឱ្យមានសមភាព» តាមរយៈសកម្មភាពសំខាន់ៗដូចខាងក្រោម៖
១- សូមបងប្អូនជនរួមជាតិ, វិស័យឯកជន, អង្គការជាតិ-អន្តរជាតិទាំងអស់ចូលរួមជាកម្លាំងក្នុងចរន្តជាតិតែមួយ, ទប់ស្កាត់ជំងឺឆ្លងនានា ដើម្បីបញ្ចប់ជំងឺអេដស៍នៅឆ្នាំ ២០២៥ ជាមួយនឹងការធ្វើឱ្យមានសមភាពនៅក្នុងសង្គមជាតិ ។
២- សូមបងប្អូនជនរួមជាតិ ជាពិសេសក្មួយៗ យុវជន-យុវនារី ត្រូវស្វែងយល់ជាប្រចាំនូវចំណេះដឹងថ្មីៗស្តីពីការបង្ការការចម្លងមេរោគអេដស៍ និងការរាលដាលនៃមេរោគអេដស៍ ដើម្បីបង្ការខ្លួនយើង, គ្រួសារយើង, សហគមន៍យើង និងសង្គមជាតិយើង ។
៣- សូមប្រជាពលរដ្ឋ ដែលបានប្រព្រឹត្ត ឬសង្ស័យបានប្រឈមនឹងការឆ្លងមេរោគអេដស៍, ត្រូវស្វែងរកសេវាផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ដោយរក្សាការសម្ងាត់នៅតាមសេវាសាធារណៈ, សេវាអង្គការសង្គមស៊ីវិល, សេវាឯកជន។ល។ ដើម្បីអាចសម្រេចចិត្តទៅទទួលសេវាថែទាំ និងព្យាបាលបន្តបានទាន់ពេលវេលា ។
៤- សូមស្ត្រីមានផ្ទៃពោះទាំងឡាយត្រូវស្វែងរកសេវាថែទាំ និងពិនិត្យផ្ទៃពោះឱ្យបានយ៉ាងតិច ៤ដង និងទៀងទាត់តាមការណែនាំរបស់បុគ្គលិកពេទ្យដើម្បីសុខភាពមាតា និងទារក ជាពិសេសអាចជួយទប់ស្កាត់ការចម្លងមេរោគអេដស៍ និងមេរោគស្វាយពីម្តាយទៅទារក ។
៥- សូមបងប្អូនប្រជាពលរដ្ឋបញ្ឈប់ការរើសអើងទៅលើអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ ដែលជាអំពើផ្ទុយទៅនឹងច្បាប់ស្តីពីការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា ។
៦- សូមបងប្អូនក្នុងក្រុមប្រឈមខ្ពស់រួមមាន បុរសរួមភេទជាមួយបុរស, អ្នកបំប្លែងភេទ និងស្ត្រីបម្រើការនៅគ្រឹះស្ថានសប្បាយមនុស្សពេញវ័យ ត្រូវបន្តការយកចិត្តទុកដាក់ ក្នុងការបង្ការជំងឺអេដស៍ និង ជំងឺឆ្លងផ្សេងៗទៀត ទាំងបច្ចុប្បន្ន និងអនាគត ។

អំណោយដែលត្រូវបាន ប្រគល់ជូន នាឱកាសនោះ ក្នុងម្នាក់ៗ ទទួលបាន ៖ អង្ក ២០គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកត្រី១យួរ, ទឹកស៊ីអ៉ីវ១យួរ ឃីត១កញ្ចប់ (ភួយ១,ក្រមា១) ផងដែរ ៕

ដោយ ៖ សាលី

CATEGORIES
Share This