សង្ស័យស្រវឹងស្រាខ្លាំង ចុះងូតទឹកស្រែ បណ្តាលអោយដួលផ្កាប់មុខ ស្លាប់យ៉ាងអាណោចអាធ័ម
បាត់ដំបង ៖ បុរសម្នាក់សង្ស័យខូចចិត្ត និងប្រពន្ធ មានប្តីថ្មី បានផឹកស្រាជាប្រចាំរហូតបាត់ស្មារតី ចុះងូតទឹកស្រែ បណ្តាលអោយដួលផ្កាប់មុខ ស្លាប់យ៉ាងអាណោចអាធ័ម កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចវាលស្រែមួយកន្លែង ស្ថិតក្នុងភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង។
ប្រភពពីសាច់ញាតិនៃសព បានអោយដឹងថា ជនរងគ្រោះឈ្មោះ ថន ពិសិទ្ឋ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅខេត្តសៀមរាប ហើយដោយសារមានវិបត្តិក្នុងគ្រួសារ ខូចចិត្តនឹងប្រពន្ធចុះចោលយកប្តីថ្មី ជនរងគ្រោះតែងលួចផឹកស្រាជាប្រចាំ ក្រោយមកក៏បានមកស្នាក់នៅផ្ទះប្អូនស្រីបង្កើត នៅក្នុងភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង បានរយៈពេល០៤ថ្ងៃមកហើយ ហើយក៏ព្យាយាមលួចទិញស្រាផឹករាល់ថ្ងៃផងដែរ ។
ប្រភពដដែលបានបន្តថា នៅយប់ថ្ងៃកើតហេតុ វេលាម៉ោងប្រហែល០២និង០០នាទី រំលងអធ្រាត្រ បានបាត់ជនរងគ្រោះពីកន្លែងដំណេក បងប្អូនក៏ចេញរកតែមិនឃើញ បន្ទាប់មកក៏នាំគ្នាទៅដេកវិញ លុះព្រឹកឡើងម៉ោង០៧និង១២នាទី ថ្ងៃខែដដែល ក្មួយស្រីខាងសពបានជិះម៉ូតូចេញពីផ្ទះ ដើម្បីទៅរៀបចំលក់ដូរនៅឯផ្សារ ក៏ប្រទះឃើញ ខោអាវនិងស្បែកជើងជនរងគ្រោះ នៅតាមផ្លូវឆ្ងាយពីផ្ទះប្រហែល ១០០ម៉ែត្រ ហើយមកមុខបន្តិចក៏ឃើញសពជនរងគ្រោះ ដេកស្លាប់នៅក្នុងទឹកស្រែ ដោយផ្កាប់មុខមកលើចិញ្ចើមផ្លូវ បាត់ទៅហើយ ។
ក្រោយមកសមត្ថកិច្ចជំនាញ បានចុះមកពិនិត្យនៅជុំវិញកន្លែងកើតហេតុ និងសាកសួរទៅខាងសាច់ញាតិ របស់ជនរងគ្រោះ បន្ទាប់មកបានដាក់ការសន្និដ្ឋានថា ជនរងគ្រោះ បានផឹកស្រាស្រវឹងក្តៅលេសឡះខ្លាំងក៏បានស្រាតខោចុះងូតទឹកស្រែ បណ្តាលអោយដួលផ្កាប់មុខថប់ដង្ហើមស្លាប់តែម្តង ក្រោយមកក៏បានប្រគល់សពអោយទៅបងប្អូនសាច់ញាតិយករៀបចំធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ សាលី