លោកជំទាវ បាន ស្រីមុំ ៖ បេក្ខជនប្រឡងត្រូវតែខំប្រឹង ដោយសមត្ថភាពរបស់ខ្លួន ធ្វើយ៉ាងណាទទួលបាន លទ្ធផលល្អប្រសើរ

ប៉ៃ លិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃ លិន បានលើកទឹកចិត្តដល់បេក្ខជន-បេក្ខនារី ប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ  ត្រូវតែខិតខំប្រឹងប្រែងប្រឡង ដោយសមត្ថភាពរបស់ខ្លួន ហើយ ប្រកាន់ខ្ជាប់នូវគោលការណ៍ “ អ្នកចេះ គឺ ជាប់ ” និងធ្វើ យ៉ាងណាទទួលបាននិទ្ទេស A ឲ្យបានច្រើន ។

លោកជំទាវ បាន ស្រីមុំ បានបង្ហាញហឹបវិញ្ញាសាជូន ដល់បេក្ខជនប្រឡង ពិនិត្យភាពបិតជិតមានបិតស្គុត និងត្រាស្រោមប្រធានវិញ្ញាសា នៅចំពោះមុខបេក្ខជន ដើម្បីធានាថា ការប្រឡង ប្រព្រឹត្តទៅដោយយុត្តិធម៌ តម្លាភាព ។ ទន្ទឹមនឹងនោះ លោកជំទាវ បានផ្ដាំផ្ញើដល់ ក្មួយៗទាំងអស់ ត្រូវថែរក្សាសុខភាពឲ្យបានល្អ រយៈពេល០២ថ្ងៃនេះ និងខិតខំឲ្យអស់ពីសមត្ថភាព ព្រមទាំងគោរពតាមបទបញ្ជាផ្ទៃក្នុង នៅពេលប្រឡងឲ្យបានល្អ ដើម្បីរក្សាសណ្ដាប់ធ្នាប់ របៀបរៀបរយ អំឡុងពេលប្រឡង ពិសេសជូនពរឲ្យក្មួយៗ ជោគជ័យក្នុងការប្រឡង សក្ដិសមជាទំពាំងស្នងឫស្សី និងជាសសរទ្រូងប្រទេសជាតិ ។

លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តប៉ៃ លិន បានឲ្យដឹងថា បេក្ខជនបេក្ខនារី ដែលបានចូលរួមប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ ឆ្នាំ២០២១-២០២២ សរុបមានចំនួន៥៧៤នាក់ ក្នុងនោះបេក្ខនារី ចំនួន៣៣១នាក់ ដោយចែកចេញជាពីរ មណ្ឌល គឺ មណ្ឌលវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិមិ្មតប៉ៃ លិន ( លិច ) មានបេក្ខជនបេក្ខនារី ចំនួន២០៧នាក់ ស្រី១២៣នាក់ ចែកជា ០៩បន្ទប់ និង មណ្ឌលវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិមិ្មតប៉ៃ លិន ( កើត ) មានបេក្ខជនបេក្ខនារី ចំនួន៣៦៧នាក់ ស្រី២០៨នាក់ ចែកជា ១៥បន្ទប់ ផងដែរ ។

ការប្រឡងបាក់ឌុបឆ្នាំនេះ បេក្ខជនប្រឡងត្រូវពាក់ ម៉ាស និងបង្ហាញកាតចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ទើបអនុញ្ញាត ឲ្យចូលប្រឡង និងមានគ្រូអនុរក្ស ចាំឆែកឆេរលើខ្លួនបេក្ខជនប្រឡង មុននឹងឲ្យ ចូលក្នុងបន្ទប់ប្រឡង សំដៅធានាថា បេក្ខជនបេក្ខនារី ទាំងអស់មិនមានឱកាស បានយកសំណៅឯកសារ ព្រីយ៉ុង ឬម៉ាស៊ីនគិតលេខ និងទូរស័ព្ទចូលក្នុងបន្ទប់ប្រឡង បានដាច់ខាត ។

ដោយឡែក នៅក្រៅបរិវេណ មណ្ឌលប្រឡង ត្រូវបានផ្ញើ ម៉ូតូដោយមិនគិតថ្លៃ និងមានសមត្ថកិច្ច គ្រូពេទ្យយាមនិងចាំសង្រោះ ៕

CATEGORIES
Share This