សក់ស្កូវជាពិសេសស្កូវមុនអាយុមិនត្រឹមតែធ្វើឱ្យយើងបាក់សម្រស់ទេ ថែមទាំងធ្វើឱ្យយើងអំពល់ទុក្ខ ខាត់ពេល និងអស់លុយដោយសារត្រូវលាបសក់ជាប្រចាំដើម្បីបិទបាំង។ អ៊ឹចឹងមកដឹងពីតិចនិចការពារសក់ស្កូវទាំងអស់គ្នា!
នៅក្មេងសោះសក់ឡើងស្កូវ មកពីអ្វី? ការពារបែបណា?
តាមពិតសក់របស់យើងគឺពណ៌សទេ ហើយពណ៌របស់សក់យើងបានមកពីសារធាតុពណ៌មេឡានីនដែលបានមកពីការផលិតរបស់កោសិកាមេឡាណូស៊ីតនៅក្នុងឫសសក់។
សរសៃសក់របស់យើងមានវដ្តអាយុ មានន័យថាសក់ដុះ រួចក៏ជ្រុះទៅវិញ ហើយដុះមកថ្មីទៀត ដរាបណាឫសសក់នៅមានសុខភាពល្អ។ នៅពេលដែលឫសសក់រងសម្ពាធ ឬពេលយើងមានអាយុកាន់តែច្រើន (ជាទូទៅចាប់ពីអាយុ ៣០ ឡើង) កោសិកាមេឡាណូស៊ីតចាប់ផ្តើមផលិតសារធាតុពណ៌ដែលផ្តល់ពណ៌ដល់សក់តិចទៅៗ។ ដូច្នេះ សក់ដែលដុះថ្មីនឹងប្រែពណ៌ម្តងបន្តិចៗរហូតដល់ស្កូវ។
ខាងក្រោមនេះជាតិចនិចមួយចំនួនដែលអាចការពារសក់ស្កូវ ឬពន្យាកុំឱ្យសក់ឆាប់ស្កូវ៖
១. កាត់បន្ថយស្រេស្ត
អ្នកជំនាញបានលើកឡើងថា ការមានភាពតានតឹងយូរអង្វែងអាចបណ្តាលឱ្យយើងរលាក ដែលធ្វើឱ្យកោសិកាមេឡាណូស៊ីតលែងផលិតសារធាតុពណ៌មេឡានីន។ ជាលទ្ធិផលវដ្តលូតលាស់សក់មានរយៈពេលខ្លី និងនាំឱ្យសក់ស្កូវមុនអាយុ។ យើងអាចកាត់បន្ថយស្រេស្តតាមរយៈការស្តាប់តន្រ្តី ដើរលេង ហាត់ប្រាណ ហាត់យ៉ូហ្កា និងធ្វើសមាធិជាដើម។
២. ម៉ាស្សាស្បែកក្បាល
ការម៉ាស្សាស្បែកក្បាលអាចបង្កើនចលនាឈាមទៅកាន់ឫសសក់ ដែលធ្វើឱ្យឫសសក់មានសុខភាពល្អ និងបង្កើនការផលិតសារធាតុពណ៌មេឡេនីន។ លើសពីនេះទៅទៀត ការម៉ាស្សាស្បែកក្បាលក៏អាចជួយឱ្យកាត់បន្ថយភាពតានតឹងរបស់យើងដែរ។
៣. កុំជក់បារី
តាមការសិក្សាឆ្នាំ ២០២០ បានរកឃើញថា ការជក់បារីជាកត្តាធ្វើឱ្យមានអតុល្យភាពនៃសារធាតុប្រឆាំងអុកស៊ីតកម្ម និងរ៉ាឌីកាល់សេរីនៅក្នុងរាងកាយដែលអាចបំផ្លាញកោសិកាស្បែកក្បាល ធ្វើឱ្យសក់ខូច ឆាប់ជ្រុះ និងស្កូវមុនអាយុ។
៤. គេងឱ្យបានគ្រប់គ្រាន់
ការគេងគ្រប់គ្រាន់អាចកាត់បន្ថយភាពតានតឹង និងអនុញ្ញាតឱ្យរាងកាយជុសជុលខ្លួនឯង ព្រមទាំងកាត់បន្ថយការជ្រុះសក់។
៥. កែប្រែរបបអាហារ
អាហារកែច្នៃ និងអាហារដែលមានជាតិស្ករ និងខ្លាញ់ខ្ពស់អាចធ្វើឱ្យយើងរលាកដែលកាត់បន្ថយការផលិតសារធាតុពណ៌របស់សក់។ ដូច្នេះយើងគួរញុំាអាហារដែលប្រឆាំងការរលាកដូចជា ផ្លែឈើអម្បូរបឺរី បន្លែស្លឹកបៃតង ទំពាំងបាយជូរ ខ្ទឹមស រមៀត ឬខ្ញីជាដើម។
៦. ពិនិត្យសុខភាពជាប្រចាំ
ជំងឺមួយចំនួនដូចជាជំងឺប្រព័ន្ធភាពសុំា និងជំងឺក្រពេញទីរ៉ូអ៊ីតអាចបណ្តាលឱ្យមានសក់ស្កូវមុនអាយុ ដូច្នេះយើងត្រូវពិនិត្យសុខភាពដើម្បីធានាថាគ្មានជំងឺទាំងនេះ។ ប្រសិនបើមានជំងឺទាំងនេះ យើងត្រូវធ្វើការព្យាបាល។
៧. ថែទាំសក់
យើងគួរចៀសវាង ឬកាត់បន្ថយការកៀបសក់ ផ្លុំសក់ ប្តូរពណ៌សក់ ឬប្រើផលិតដែលមានសារធាតុគីមីដែលអាចបំផ្លាញសក់ និងកោសិកាផលិតសារធាតុពណ៌ឱ្យសក់។
៨. ញុំាវីតាមីន និងសារធាតុរ៉ែឱ្យបានគ្រប់គ្រាន់
កង្វះវីតាមីន និងសារធាតុរ៉ែមួយចំនួនក៏រួមចំណែកធ្វើឱ្យសក់ស្កូវមុនអាយុ និងឆាប់ខូច។ យើងគួរញុំា៖
- វីតាមីន D៖ ត្រីសាលម៉ុន ផ្សិត ទឹកដោះគោ ស៊ុត
- វីតាមីន B12៖ ថ្លើម ក្តាម ត្រីធូណា
- វីតាមីន E៖ គ្រាប់ផ្កាឈូករ័ត្ន គ្រាប់អាល់ម៉ុន សណ្ដែកដី
- វីតាមីន A៖ ថ្លើម ដំឡូងជ្វា ការ៉ុត ឈីស ត្រសក់ស្រូវ
- ស័ង្កសី៖ អយស្ទ័រ សាច់គោ សាច់ទា ក្តាម បង្កង សាច់ជ្រូក
- ជាតិដែក៖ សាច់គោ បន្លែស្លឹកបៃតង សណ្តែក សូកូឡាខ្មៅ
- លេញ៉ូម៖ ត្រីធូណា ត្រីសាឌីន បង្គា
- ម៉ាញ៉េស្យូម៖ គ្រាប់ល្ពៅ គ្រាប់អាល់ម៉ុន និងគ្រាប់ស្វាយចន្ទីជាដើម។
សក់ស្កូវក៏បណ្តាលមកពីកត្តាហ្សែនដែរ ប៉ុន្តែការផ្លាស់ប្តូររបៀបរស់នៅអាចការពារសក់ស្កូវមុនអាយុ ឬពន្យាពេលកុំឱ្យសក់ស្កូវ និងធ្វើឱ្យយើងមានសុខភាពល្អ។