យោធាថៃ ឃាត់ខ្លួនពលករខ្មែរ ៥១នាក់ លួចឆ្លងដែនខុសច្បាប់ ចូលប្រទេសថៃ

13

ប្រទេសថៃ ៖ ពលករខ្មែរប្រុសស្រី ចំនួន៥១នាក់ ត្រូវបានក្រុមទាហានឈុតខ្មៅថៃ ក្នុងកងរយលេខ១២ សហការជាមួយ តម្រួតការពារព្រំដែនថៃលេខ៤ ចាប់ឃាត់ខ្លួនខណ:ដែលពួកគេលួចឆ្លងដែន ដោយខុសច្បាប់ដើម្បីចូលរកការងារធ្វើ ក្នុងទឹកដីថៃ ។

ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ត្រង់ចំណុចណងម៉ាំងស្ថិតក្នុងភូមិ៥ ឃុំណងវែង ស្រុកគោកខ្យូង ខេត្តស្រះកែវ ប្រទេសថៃ ខណៈដែលពលករខ្មែរប្រុសស្រីទាំង៥១នាក់ ខាងលើ បានលបលួចឆ្លងព្រំដែនចូលទៅក្នុងទឹកដីថៃ ដោយនាំគ្នាដើរកាត់តាមព្រៃ ក្បែខ្សែបន្ទាត់ព្រំដែន ស្របពេលដែលកម្លាំងទាហានឈុតខ្មៅថៃ កំពុងល្បាតក៏បានស្ទាក់ចាប់ ដែលក្នុងនោះប្រុស៣៣នាក់ និងស្រី១៨នាក់។

ក្រោយពីការចាប់ខ្លួនពលករខាងលើ បានសារភាពថាពួកគេទាំងអស់គ្នា មានបំណងឆ្លងចូលទៅរកការងារធ្វើ នៅក្នុងខេត្តឈុនបុរី ខេត្តណុនថ:បុរី និងទីក្រុងបាងកក ប្រទេសថៃ ដោយត្រូវចំណាយអោយមេខ្យល់ ក្នុងម្នាក់ៗចាប់ពី ៤.០០០បាត ដល់ ៧.០០០បាត ហើយត្រូវប្រគល់លុយមុនក្នុងម្នាក់៥០០បាតសិន ។

ក្រោយពេលឃាត់ខ្លួន ពលករខ្មែរទាំងអស់នោះ ត្រូវបានក្រុមយោធាថៃ ធ្វើការត្រួតពិនិត្យសុខភាព ពួកគេទាំងអស់ ដើម្បីការពារនៅក្នុងដំណាក់កាលនៃជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាត និងបានបញ្ជូនទៅអោយអធិការដ្ឋានតម្រួត ស្រុកគោកខ្យូង ដើម្បីអនុវត្តតាមនីតិវិធី ៕

ដោយ ៖ សាលី

ចំណែក