ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដាក់បញ្ជាឱ្យនគរបាលជំនាញ ពន្លឿនការការផ្តល់សេវា ធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនពលរដ្ឋ

បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់បញ្ជាឱ្យនគរបាលជំនាញ ពន្លឿនការការផ្តល់សេវា ធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនពលរដ្ឋ ដើម្បីប្រើប្រាស់ និងយកចុះឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រអណត្តិទី៦ ឆ្នាំ២០២៣ បានទាន់ពេលវេលា ។

ការដាក់បទបញ្ជាដូច្នេះ ធ្វើឡើងកាលពីចុងសប្តាហ៍កន្លងទៅ ក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែវិច្ឆិកា លើកទិសដៅបន្តខែធ្នូ ឆ្នាំ២០២២ របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីសំណាក់លោក លោកស្រីឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការង នាយ នាយរងការិយាល័យ ជំនាញទាំង៣១ អស់លោកអធិការក្រុង-ស្រុកទាំង៩ មេបញ្ជាការវរ:ទាំង៤ និងនាយប៉ុស្តិ៍ទាំង៦៧ ចំណុះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ជាច្រើននាក់ទៀតផងដែរ ។

ថ្លែងក្នុងកិច្ចប្រជុំនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អស់លោក លោកស្រីគ្រប់ផ្នែកពាក់ព័ន្ធ ដែលបំពេញការងារបានលទ្ធផលល្អគួជាទីមោទនៈ ។ ទន្ទឹមគ្នានោះលោកបាន ដាក់ចេញផែនការ ជម្រុញដល់កម្លាំងនគរបាលគ្រប់ផែនជំនាញ និងអង្គភាពពាក់ព័ន្ធ ធ្វើយ៉ាងណាត្រូវពង្រឹងការគ្រប់គ្រងកម្លាំង និងវិន័យ០០៦, ពង្រឹងការងាបង្ក្រាបបទល្មើសព្រហ្មទ័ណ្ឌ ពិសេសការអនុវត្តន៍នីតិវិធី, ពង្រឹងការទប់ស្កាត់បទល្មើសគ្រឿងញៀន, ពង្រឹងលើការងារសន្តិសុខ និងបទល្មើសបច្ចេកវិទ្យា, ត្រូវពន្លឿការផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដល់ពលរដ្ឋគ្រប់អាយុ និងពលរដ្ឋហួសសុពលភាពឲ្យបានទាន់ពេលវេលា ដើម្បីពួកគាត់អាចយកទៅប្រើប្រាស់ និងយកចុះឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អណត្តិទី៦ ឆ្នាំ២០២៣ បានទាន់ពេលវេលា ៕

CATEGORIES
Share This