ជនជាតិឥណ្ឌូនេស៊ីម្នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីលួចប្រាក់ ជាង៥០០លានរូពី

46

បន្ទាយមានជ័យ ៖ ជនជាតិឥណ្ឌូនេស៊ីម្នាក់ ត្រូវបានអាវុធហត្ថខេត្តបន្ទាយមានជ័យ ធ្វើការចាប់ខ្លួន បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១  ពាក់ព័ន្ធករណីលួចប្រាក់ ជាង៥០០លានរូពី ពីជនជាតិឥណ្ឌូនេស៊ីដូចគ្នា ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា តាមការបំភ្លឺរបស់ដើមបណ្ដឹងឈ្មោះ ហ្វាញឌីចាយ៉ា គូនីយ៉ាវ៉ាន់ (FINDJAYA KURNIAWAN) ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី ស្នាក់នៅបូរីដួងច័ន្ទ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរៀបរាប់ថា ឈ្មោះ ចាន់ដ្រា (CHANDRRA) ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី បច្ចុប្បន្ន ស្នាក់នៅបុរីដួងច័ន្ទ បានមកធ្វើការនៅក្រុមហ៊ុន RUPIAHTOTO របស់ខ្លួនមានតួនាទីផ្នែកគណនេយ្យបានរយ:ពេល០៤ខែហើយ ក្រោយមកនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ ក្រុមហ៊ុនបានដឹងថាឈ្មោះ ចាន់ដ្រា បានលួចវេរប្រាក់ដោយប្រើគណនេយ្យធនាគាររបស់ក្រុមហ៊ុន វេរប្រាក់ចេញចូលជាបន្តបន្ទាប់ចូលទៅគណនេយ្យរបស់ខ្លួនគេ (ចាន់ដ្រា) សរុបទឹកប្រាក់ដែលក្រុមហ៊ុនបាត់បង់ចំនួន ៥៦៩,០០០,០០០រូពី (ប្រាំរយហុកសិបប្រាំបួនលានរូពី) ប្រាក់ឥណ្ឌូនេស៊ី បើគិតជាប្រាក់ថៃស្មើជាង១លានបាត ។ ក្រោយពីក្រុមហ៊ុនរកឃើញថាឈ្មោះ ចាន់ដ្រា បានលួចវេរប្រាក់ពីក្រុមហ៊ុនបញ្ចូលក្នុងគណនេយ្យរបស់ខ្លួនហើយ ទើបមកដាក់ពាក្យបណ្ដឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតតែម្ដង ។

លោកមេបញ្ជាការ បានឱ្យដឹងទៀតថា ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះរួច លោកបានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបាន ហើយឈានដល់ការឃាត់ខ្លួនជនសង្ស័យថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១  បញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ ។

ជនសង្ស័យឈ្មោះ ចាន់ដ្រា ក្រោយពីកម្លាំងជំនាញកងរាជអាវុធហត្ថក្រុង សួរនាំរួចបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចវេរប្រាក់ពីក្រុមហ៊ុន RUPIAHTOTO ពិតប្រាដមែន ព្រោះខ្លួនបានចូលធ្វើការក្នុងក្រុមហ៊ុនរយ:៤ខែ ហើយខ្លួនមានតួនាទីផ្នែកគណនេយ្យហើយខ្លួនបានបង្កើតអាខោនចំនួន០១ ទុកសម្រាប់ប្រើប្រាស់ខ្លួនឯង ដោយចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១នេះ ខ្លួនបានលួចវេរប្រាក់ពីគណនេយ្យក្រុមហ៊ុន មកអាខោនគណនេយ្យខ្លួនឯងចំនួន០៥លើក បានទឹកប្រាក់សរុបចំនួន៥៦៩,០០០,០០០រូពី (ប្រាំរយហុកសិបប្រាំបួនលានរូពី) ប្រាក់ឥណ្ឌូនេស៊ី បើគិតជាប្រាក់ថៃស្មើជាង១លានបាត ហើយប្រាក់ទាំងនោះ ខ្លួនបានដកចាយផង និងវេរទៅឱ្យម្ដាយនៅប្រទេសឥណ្ឌូនេស៊ីផង ។

ដោយផ្អែកលើពាក្យបណ្ដឹងរបស់ជនរងគ្រោះ តំណាងឱ្យក្រុមហ៊ុន RUPIAHTOTO និងចម្លើយរបស់ជនសង្ស័យ ទើបកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ជនសង្ស័យក្រោយបញ្ជូនមកដល់បញ្ជាការដ្ឋានអាវុធហត្ថខេត្ត មន្ត្រីជំនាញបាន បញ្ជូនបន្តទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

ចំណែក