ជំនន់ស្ទឹងសង្កែ បង្កផលប៉ះពាល់លំនៅឋានពលរដ្ឋ ជិត៣០០០ខ្នង

44

បាត់ដំបង ៖ ជំនន់ស្ទឹងសង្កែរយៈពេលបីថ្ងៃ គិតចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១នេះ បានបង្កផលប៉ះពាល់ ដល់លំនៅឋានប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយដងស្ទឹងសង្កែ ជិត៣០០០ខ្នងផ្ទះ នៅក្នុងក្រុង ស្រុក ចំនួន០៣ នៃខេត្តបាត់ដំបង ។

យោងតាមរបាយការណ៍បឋម ពីសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានបង្ហាញថា  ផ្អែកតាមអាកាសធាតុខេត្តបាត់ដំបង រយៈពេលប៉ុន្មានថ្ងៃនេះ មានភ្លៀងធ្លាក់នៅប៉ែកខាងលើស្រុកសំឡូត ខេត្តបាត់ដំបង និងខេត្តប៉ៃលិន បានបង្កអោយមានជំនន់ទឹកស្ទឹងសង្កែ បណ្តាលអោយប៉ះពាល់ ទៅលើលំនៅឋានរបស់ប្រជាពលរដ្ឋ ដែលរស់នៅជាប់ដងស្ទឹងសង្កែ ក្នុងក្រុង ស្រុកចំនួន០៣ សរុបចំនួន ២៩៤៨ខ្នងផ្ទះ ។

លំនៅឋានដែលរងផលប៉ះពាល់ ដោយជំនន់ទឹកស្ទឹងសង្កែ ទាំង ២៩៤៨ខ្នងផ្ទះ រួមមាន៖ ក្រុងបាត់ដំបង ប៉ះពាល់ទៅលើ០៦សង្កាត់ មាន ១.សង្កាត់វត្តគរ មាន០៣ភូមិ សរុប ១៨៤ខ្នងផ្ទះ រងគ្រោះធ្ងន់ធ្ងរ ៣១ខ្នងផ្ទះ និងរងគ្រោះស្រាល ១៥៣ ខ្នងផ្ទះ ។ ២.សង្កាត់ស្វាយប៉ោ មាន០២ ភូមិ សរុប ២៧ខ្នងផ្ទះ រងគ្រោះធ្ងន់ធ្ងរ០៥ខ្នងផ្ទះ និងរងគ្រោះស្រាល ២២ខ្នងផ្ទះ ។ ៣.សង្កាត់ចំការសំរោង មាន០២ ភូមិ សរុប ៧៥ខ្នងផ្ទះ រងគ្រោះធ្ងន់ធ្ងរ ៥៥ខ្នងផ្ទះ និងរងគ្រោះស្រាល ២០ខ្នងផ្ទះ ។ ៤.សង្កាត់រតនៈ មាន០៤ភូមិ សរុប ១៤០ខ្នងផ្ទះ រងគ្រោះធ្ងន់ធ្ងរ ៨៩ខ្នងផ្ទះ និងរងគ្រោះស្រាល ៥១ ខ្នងផ្ទះ ។ ៥.សង្កាត់ស្លាកែត មាន០២ភូមិ សរុប ៤៩៨ខ្នងផ្ទះ រងគ្រោះធ្ងន់ធ្ងរ ៤៨៧ខ្នងផ្ទះ និងរងគ្រោះស្រាល ១១ខ្នងផ្ទះ ។ ៦.សង្កាត់ក្តុលដូនទាវ មាន០៣ភូមិ សរុប ១៥០ខ្នងផ្ទះ រងគ្រោះធ្ងន់ធ្ងរ ៥៩ខ្នងផ្ទះ និងរងគ្រោះស្រាល ៩១ខ្នងផ្ទះ ។

ស្រុកឯកភ្នំ ប៉ះពាល់ឃុំចំនួន០២ មានឃុំពាមឯក និងឃុំព្រែកនរិន្ទ សរុបចំនួន ១២០០ខ្នងផ្ទះ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ។ ស្រុកបាណន់ប៉ះពាល់ចំនួន០៣ឃុំ មានឃុំកន្ទឺ១ ឃុំនាយដំរាំ និងឃុំឈើទាល សរុបចំនួន ៦៧៤ខ្នងផ្ទះ រួមនឹងហេដ្ឋារចនាសម្ព័ន្នមួយចំនួនទៀតផងដែរ ប៉ុន្តែមិនបណ្តាលឲ្យរបួស ឬ ស្លាប់ ដល់មនុស្ស ឬ សត្វឡើយ ។

របាយការណ៍ដដែលបានបង្ហាញថា គិតត្រឹមល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១នេះ កម្រិតទឹកស្ទឹងសង្កែ និងតំបន់ស្រុកសំឡូត និងស្រុករតនមណ្ឌលបានបន្តស្រកជាបណ្តើរៗហើយ ៕

ដោយ ៖ សាលី

ចំណែក