បុរសបែកថ្នាំម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយយកថៅនិងកាំបិតវាយកូនស្រីរបួសជាច្រើនកន្លែង
ខេត្តបាត់ដំបង! បុរសដែលគេស្គាល់ថាជាមនុស្សបែកថ្នាំញៀនម្នាក់ត្រូវបានកម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល ចាប់ឃាត់ខ្លួនកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោយរូបគេប្រើប្រាស់ពូថៅ និងកាំបិតវាយទៅលើកូនស្រីអោយរបួសជាច្រើនកន្លែងពេញដងខ្លួន និងផ្ទៃមុខ។
ប្រភពពីប្រជាពលរដ្ឋនៅទីតាំងកើតហេតុបានបញ្ជាក់ឲ្យដឹងថា÷ ករណីប្រើអំពើហិង្សាយ៉ាងព្រៃផ្សៃបង្កឡើងដោយបុរសជាឪពុកទៅលើក្មេងស្រីជាកូនខាងលើនេះបានកើតឡើងនៅវេលាជិតថ្ងៃត្រង់ ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២២ ស្ថិតនៅត្រង់ភូមិរស្មីសង្ហា ឃុំរស្មីសង្ហា ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។
ជនសង្ស័យដែលជាឪពុកវាយដំលើកូនស្រីបង្កើតដែលត្រូវឃាត់ខ្លួនមានឈ្មោះ នួន ស៊ីថង អាយុ៣៤ឆ្នាំ រស់នៅភូមិ ឃុំកន្លែងកើតហេតុខាងលើដោយជនបង្កជាមុខសញ្ញាប្រើប្រាស់សារធាតុញៀន ក្រោយស្រវឹងស្រានិងប្រើប្រាស់គ្រឿងញៀនផងនោះបានស្រែកឡូឡាគំរាមកំហែងដាក់កូនស្រី អាយុប្រហែល០៧ឆ្នាំរហូតបានទាញពូថៅផ្ជង់ប៉ុនប៉ងសម្លាប់ម្តងហើយ ម្តងទៀត ព្រមទាំងបានយកកាំបិតវាយដំយ៉ាងព្រៃផ្សៃទៅលើកូនស្រីនោះ បណ្តាលឲ្យរបួសពេញដងខ្លួន និងលើផ្ទៃមុខធ្ងន់ធ្ងរកុំតែបានអ្នកជិតខាងជួយទាន់ពុំនោះមិនដឹងទៅជាយ៉ាងណានោះទេ។
ប្រភពដដែលបានបន្តថា÷ ជនដៃដល់កន្លងមកឲ្យតែជក់ថ្នាំញៀននិងផឹកស្រាតែងតែវាយធ្វើបាបកូនជារឿយៗ ហើយក៏ត្រូវសមត្ថកិច្ចមូលដ្ឋាននាំខ្លួនទៅណែនាំអប់រំជាច្រើនលើកច្រើនសារតែជននេះមិនព្រមកែខ្លួនឡើយ រហូតប្រើហិង្សាល្មើសនឹងច្បាប់ជាថ្មីទៀត ត្រូវកម្លាំងនគរបាលស្រុកចុះតាមឃាត់ខ្លួនមកសាកសួរកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាកាបន្តចាត់ការតាមនីតិវិធីច្បាប់៕