រយៈពេល ១យប់ ទឹកស្ទឹងសង្កែហក់ឡើងខ្ពស់ រហូតជាង១០ម៉ែត្រ

66

បាត់ដំបង ៖ បន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ នៅប៉ែកខាងលើនៃស្រុកសំឡូត ធ្វើអោយទឹកស្ទឹងសង្កែ ខេត្តបាត់ដំបង បានហក់ឡើងយ៉ាងគំហុកគិតត្រឹមព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២១នេះ មានកម្ពស់រហូត ១២,៧០ម៉ែត្រ។

លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានឱ្យថា ស្ថានភាពជំនន់ ទឹកស្ទឹងសង្កែ ដំណាក់កាលចុងក្រោយនេះ មិនមានបញ្ហាគួរឲ្យគាត់សម្គាល់នោះទេ ដោយសារទឹកភ្លៀង បានធ្លាក់កាលពីកន្លងមកនេះត្រឹមតែផ្នែកមួយប៉ុណ្ណោះ នៃតំបន់ប៉ែកខាងលើក្នុងស្រុកសំឡូត ទើបបណ្តាលឲ្យមានទឹកហូរធ្លាក់ចុះមកផ្នែកខាងក្រោម ឆ្លងកាត់ស្ទឹងសង្កែ និងមានកម្ពស់ខ្ពស់ ហើយបន្តហូរស្រុងទៅខាងក្រោមបឹងទន្លេសាប ។ មកទល់ពេលនេះជំនន់ទឹកភ្លៀងបាននិងកំពុងហៀរចូលតាមអូរ និងព្រែកខ្លះៗ ហើយដែរ ប៉ុន្តែមិនទាន់បានទាំងស្រុងនៅឡើយទេ ខណៈដែលទឹកភ្លៀង បន្តធ្លាក់នៅតំបន់ស្រុកសំឡូត ប៉ុន្មានថ្ងៃចុងក្រោយមានបរិមាណ ៨០មីលីម៉ែត្រ ទើបបណ្តាលឲ្យទឹកក្នុងស្ទឹងសង្កែ ជន់ឡើងលឿនមានកម្ពស់ ១២,៧០ម៉ែត្រ ។

លោកបន្តថា បើទោះបីជាប្រទេសកម្ពុជារងការប៉ះពាល់ដោយឥទ្ធិពលសម្ពាធទាប យ៉ាងណាក្តី ក៏ស្ថានភាពទឹកជំនន់នេះមិនទាន់មានអ្វីគួរឲ្យព្រួយបារម្ភនោះឡើយ ព្រោះភូមិសាស្ត្រខេត្តបាត់ដំបង មានប្រព័ន្ធធារាសាស្ត្រ សំណង់ស្តុកទឹកធំៗច្រើន អាចបញ្ចៀសបញ្ហាគ្រោះថ្នាក់ទ្រង់ទ្រាយធំបានមួយភាគ  ហើយកម្ពស់ទឹកស្ទឹងសង្កែ ចំពោះមុខនេះនឹងស្រកចុះឆាប់ៗ ក្នុងករណីមេឃរាំងភ្លៀងនៅផ្នែកខាងលើនៃស្រុកសំឡូត ។

គួរបញ្ជាក់ថា ជំនន់ទឹកភ្លៀងនៅក្នុងស្ទឹងសង្កែ នៃខេត្តបាត់ដំបង នៅតែបន្តជន់ឡើងហើយទឹកជំនន់ស្ទឹងសង្កែនេះ វាមិនទាន់បង្កផលប៉ះពាល់អ្វីដល់ប្រជាពលរដ្ឋនៅឡើយនោះទេ តែអ្នករស់នៅតាមមាត់ស្ទឹងសង្កែ ក៏គួរតែមានការប្រុងប្រយ័ត្ន ពីជំនន់ទឹកស្ទឹងដែលកំពុងតែជន់ឡើងនេះផងដែរ ៕

ដោយ ៖ សាលី

ចំណែក