ប្រកាសតែងតាំងលោកទេព រដ្ឋា ជាអធិការនៃអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ ជំនួសអធិការចាស់ទៅជាស្នងការរង

បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ រួមនិងលោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះ នៅព្រឹកថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ២០២២ បានអញ្ចេីញប្រកាសតែងតាំងមុខតំណែង លោកអធិការថ្មី នៃអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

លោកវរ:សេនីយ៍ទោ ទេព រដ្ឋា អធិការរង ផែនការងារព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ ត្រូវបានតែងតាំងមុខតំណែងជា អធិការនគរបាលស្រុកព្រះនេត្រព្រះ ជំនួសលោកវរ:សេនីយ៍ឯក មាស ប្ញទ្ធី  អធិការចាស់ ត្រូវបានថ្នាក់ដឹកនាំតែងតាំងមុខតំណែងជា ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានអោយដឹងថាការប្រកាសនេះអនុវត្តន៍តាមបទបញ្ជា និងទទួលបានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិសបណ្ឌិត នេត្រ សាវឿន អគ្គស្នងការនគរបាលជាតិ ក្នុងនោះលោកបាន ដាក់ចេញទិសដៅ ដល់លោកអធិការថ្មីក៏ដូចជាមន្ត្រីក្រោមឱវាទ នូវគោលការណ៍សំខាន់ៗចំនួន ៦ចំណុចមាន ៖ ១-ត្រូវរក្សាសន្តិសុខ សុវត្ថិភាព សាធារណៈ ១០០%ជូនបងប្អូនប្រជាពលរដ្ឋក្នុងដែនដីរបស់ខ្លួន ។ ២-ផ្សព្វផ្សាយអប់រំ បង្ការទប់ស្កាត់ បទល្មើសគ្រប់ប្រភេទ នៅក្នុងមូលដ្ឋាន ។ ៣-ផ្តល់សេវាសាធារណៈល្អជូនបងប្អូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ជាពិសេស (ផ្តល់សៀវភៅគ្រួសារ ក២ ក៤ , ពន្លើននូវអត្តសញ្ញាណប័ណ សញ្ញាតខ្មែរ និងសេវាសាធារណៈផ្សេងៗ ) ។ ៤-ក្តាប់មុខសញ្ញាបទល្មើសព្រហ្មទណ្ឌចាស់ថ្មី ក្នុងមូលដ្ឋាន ។ ៥-ត្រូវត្រៀមលក្ខណៈកសាងផែនការ កសាងការងារដើម្បីអនុវត្ត ជាពិសេសកសាងផែនការ ការពារបោះឆ្នោតជាតិ២០២៣ខាងមុខ ។ ៦-ត្រូវបន្តសហការល្អជាមួយស្ថាប័នពាក់ព័ន្ឋឱ្យបានល្អ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការបំពេញការងារ ៕

CATEGORIES
Share This