ក្រោយជាសះស្បើយពីកូវីដ-១៩ មនុស្សចាស់មួយចំនួនអាចវិវត្តទៅជាជំងឺផ្សេងៗ។ អ្នកជំនាញក៏ បានព្រមានថា ជំងឺទឹកនោមផ្អែមជាបញ្ហាសុខភាពមួយធ្ងន់ធ្ងរ ដែលអាចកើតឡើងបន្ទាប់ពីយើងបានឆ្លងវីរុសកូវីដ-១៩។ ប៉ុន្តែ យើងប្រហែលជាមិនដឹងទេថា វីរុសកូវីដ-១៩ ក៏អាចបង្កើនហានិភ័យនៃការកើតជំងឺទឹកនោមផ្អែមលើកុមារដូចគ្នា។
ក្មេងឆ្លងកូវីដ-១៩ អាចវិវត្តជាជំងឺទឹកនោមផ្អែម បើចេញរោគសញ្ញាទាំងនេះ
ការសិក្សាពីមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺឆ្លងរបស់អាមេរិក(CDC)
ថ្វីត្បិតតែការសិក្សាជាច្រើនបានរកឃើញថា មនុស្សពេញវ័យដែលឆ្លងវីរុសកូវីដ-១៩ មានហានិភ័យខ្ពស់ក្នុងការវិវត្តជាជំងឺទឹកនោមផ្អែម ប៉ុន្តែការសិក្សាថ្មីមួយបានបង្ហាញថា ចំនួននៃកុមារដែលកើតជំងឺទឹកនោមផ្អែមប្រភេទ១ បានកើនឡើង ចាប់ពីពេលដែលវីរុសនេះរាតត្បាត។ ពិតណាស់ កុមារដែលជាសះស្បើយពីកូវីដ-១៩ អាចមានហានិភ័យខ្ពស់ក្នុងការកើតជំងឺទឹកនោមផ្អែមប្រភេទ១ និងប្រភេទ២។ យ៉ាងណាមិញ យើងមិនទាន់ដឹងច្បាស់នៅឡើយទេថា ជំងឺទឹកនោមផ្អែមប្រភេទ២ដែលកើតលើកុមារក្រោយជាសះស្បើយពីកូវីដ-១៩ ជាលក្ខខណ្ឌសុខភាពបណ្ដោះអាសន្ន ឬជារៀងរហូត។
សញ្ញានៃជំងឺទឹកនោមផ្អែម
ក្រៅពីវីរុសកូវីដ-១៩ កត្តាផ្សេងទៀតដូចជាអសកម្ម នៅអំឡុងពេលផ្ទុះការរាលដាលវីរុសកូវីដ-១៩ បែបបទរស់នៅមិនត្រឹមត្រូវ និងការឡើងទម្ងន់ សុទ្ធតែអាចបង្កើនហានិភ័យនៃការវិវត្តជាជំងឺទឹកនោមផ្អែមប្រភេទ២ ចំពោះមនុស្សទូទៅ រួមទាំងកុមារផងដែរ។ ជាក់ស្ដែង រោគសញ្ញាមួយចំនួនដែលបញ្ជាក់ពីវត្តមានរបស់ជំងឺទឹកនោមផ្អែម រួមមាននោមញឹក ស្រកទម្ងន់ ស្រេកទឹក និងអស់កម្លាំងខ្លាំង។
វ៉ាក់សាំងមានសារសំខាន់ណាស់ចំពោះកុមារ
ការស្រាវជ្រាវបានសង្កត់ធ្ងន់ថា ការចាក់វ៉ាក់សាំងលើកុមារដែលគ្រប់អាយុគឺជារឿងចាំបាច់បំផុត ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩។ បន្ថែមពីនេះ យើងគប្បីពាក់ម៉ាស និងរក្សាគម្លាតដើម្បីការពារកូនតូចៗ ដែលមិនទាន់អាចចាក់វ៉ាក់សាំងបាននៅឡើយ។