អំណោយឯកឧត្តម ហ៊ុន ម៉ាណែត ជាផ្ទះ៥៩ខ្នង ត្រូវបានប្រគល់ដល់យោធិនពិការ

4140

បន្ទាយមានជ័យ ៖ ដើម្បីសម្រួលដល់ការរស់នៅរបស់បងប្អូនយោធិនពិការ ក្នុងមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧តេជោភ្នំឆ័ត្រ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និង លោកជំទាវ ពេជ ចន្ទមុនី បានសង់ផ្ទះចំនួន៥៩ខ្នងប្រគល់ជូនពួកគាត់ដើម្បីរស់នៅបានសមរម្យ ។

ពិធីប្រគល់នេះបានធ្វើឡើងនៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ នៅមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧តេជោភ្នំឆ័ត្រ ក្រោមអធិបតីភាព ឯកឧត្តមឧត្តមសេនីយ៍ឯក ព្រហ្ម មរណះ មេបញ្ជាការរងកងទ័ពជើងគោក លោកជំទាវ វ៉ាន់ លុយ ឧកញ៉ា ទៀង ថៃ និង លោកជំទាវ ភោគ សោភ័ណ ។

លោកឧត្តមសេនីយ៍ទោ អ៊ុត សំអាត នាយកមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧តេជោភ្នំឆ័ត្រ បានលើកឡើងថា យោធិនពិការដែលកំពុងរស់នៅក្នុងមណ្ឌលមានចំនួន៥៩៥គ្រួសារ ។ ក្នុងនោះមានចំនួន៤៩៦គ្រួសារបានទទួលផ្ទះស្នាក់នៅ និងរស់នៅបានសមរម្យ និង៩៩គ្រួសារទៀតបន្តរស់នៅក្នុងខ្ទមដែលសង់រស់នៅបណ្តោះអាសន្នលើដីអង្គភាពចែកជូន។

ជួបសំណេះសំណាលជាមួយយោធិន ឯកឧត្តមឧត្តមសេនីយ៍ឯក ព្រហ្ម មរណះ មេបញ្ជាការរងកងទ័ពជើងគោក បានពាំនាំប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំង២តែងគិតគូរដល់សុខទុក្ខយោធិនចូលនិវត្តន៍ យោធិនពលី យោធិនពិការ និង យោធិនកាត់រំសាយ ពិសេសយោធិនពិការក្នុងមណ្ឌលអភិវឌ្ឍន៍យោធិន៣១៧ភ្នំឆ័ត្រ ។

ថ្លែងសំណេះសំណាលនេះដែរឯកឧត្តម បានមានប្រសាសន៍អបអរសាទរចំពោះបងប្អូនយោធិនពិការ ដែលទទួលបានការជួយឧបត្ថម្ភផ្ទះស្នាក់នៅពីសំណាក់ឯកឧត្តម ហ៊ុន ម៉ាណែត មេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ហើយការផ្តល់ជូននេះបងប្អូនអាចរស់នៅបានសមរម្យ តែកំភ្លេចជួយថែរក្សាផង។

ក្នុងនោះដែរឯកឧត្តមបានបញ្ជាក់ផងដែរថា អ្វីដែលបងប្អូនទទួលបានទាំងការរស់នៅ ទាំងទីជម្រក និងដីសម្រាប់បង្កបង្កើនផល គឺបានមកពីសន្តិភាព ប្រទេសមានសន្តិភាពគឺមានការរីកចម្រើន មានការអភិវឌ្ឍន៍លើគ្រប់វិស័យ ។ ក្នុងនោះជីវភាពនៃការរស់នៅរបស់បងប្អូនពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែប្រសើរ ៕

ដោយ ៖ ពន្លឺ

ចំណែក