អាជ្ញាធរ ចាប់ផ្តើមអនុវត្តវិធាការក្តៅ លើទីតាំងរំលោភដីចំណីផ្លូវសាធារណៈ ពីសំណាក់អាជីវករ នៅចំណុចផ្សារគុត្តសត នៃខេត្តបន្ទាយមានជ័យ

44

បន្ទាយមានជ័យ ៖ អាជ្ញាធរស្រុកអុរជ្រៅ បានដឹកនាំសមត្ថកិច្ចម្រុះ ចុះអនុវត្តវិធានការក្តៅ តាមរយៈការកាយផ្តាច់ផ្លូវដើម្បីដាក់លូរំដោះទឹក លើទីតាំងដីចំណីរផ្លូវរថភ្លើង ដែលត្រូវបានអាជីវករ និងប្រជាពលរដ្ឋ រស់នៅសាសង់លំនៅដ្ឋាន និងប្រកបអាជីវកម្មលក់ដូរ នៅចំណុចផ្សារគុត្តសត ស្ថិតក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

ការអនុវត្តនេះ ធ្វើឡើងរយៈពេល២ថ្ងៃមកហើយ ចាប់តាំងពីម្សិលមិញដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ នេះ នៅចំណុចផ្សារគុត្តសត ស្ថិតក្នុងភូមិយាងថ្មី ឃុំគុត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។  

លោកអនុភូមិយាងថ្មី បានឱ្យដឹងថា នេះជាការអនុវត្តវិធានការរបស់រដ្ឋបាលស្រុកអូរជ្រៅ បន្ទាប់ពីមានសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុក លេខៈ ០៥៩/២១ សជណ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ ដោយយោងតាមលិខិត លេខៈ ៤៥១/២១ សជណ ចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ស្តីពីការទប់ស្កាត់ ការចាក់ដី លុបផ្លូវរំដោះទឹក ការរំលោភយកដីចំណីផ្លូវសាធារណៈ និងដីចំណីផ្លូវរថភ្លើង ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលបានជម្រាបជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងផ្លូវជាតិ ផ្លូវរថភ្លើង ផ្លូវសាធារណៈ ប្រឡាយ និងផ្លូវរំដោះទឹកមួយចំនួន ត្រូវបញ្ឍប់ជាបន្ទាន់រាល់សកម្មភាពរំលោភយកដីចំណីផ្លូវជាតិ ផ្លូវរថភ្លើង ផ្លូវសាធារណៈ ប្រឡាយ និងផ្លូវរំដោះទឹក ដោយប្រញាប់រុះរើ និងកែសម្រួលនូចសំណង់ការផ្សេង ៗ ដែលបានសាងសង់លើដីចំណីផ្លូវជាតិ ផ្លូវរថភ្លើង ផ្លូវសាធារណៈ ប្រឡាយ និងផ្លូវរំដោះទឹក ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ ជាកំហិត ។ ក្នុងករណីមិនអនុវត្តតាមខ្លឹមសារសេចក្តីជូនដំណឹងនេះ រដ្ឋបានស្រុកអូរជ្រៅ នឹងអនុវត្តនឲវិធានការស្របច្បាប់ ស្តីពីផ្លូវថ្នល់ ហើយមិនទទួលខុសត្រូវ រាល់ការខូចខាតទ្រព្យសម្បត្តិ របស់បងប្អូនឡើយ ។

លោកអនុភូមិបន្តថា ការអនុវត្តនេះដែរ ក៏ដើម្បីរៀបចំធ្វើសួន លំអរសោភ័ណភាពផ្សារ ក៏ដូចជាសោភ័ណភាពស្រុកអូរជ្រៅនេះ ឱ្យមានភាពស្រស់ស្អាតផងដែរ ។

ជាមួយនឹងការអនុវត្តនេះ ប្រជាពលរដ្ឋ និងអាជីវករ រស់នៅលក់ដូរមួយចំនួន លើដីចំណីរផ្លូវរថភ្លើង ក្នុងភូមិសាស្ត្រខាងលើ បានសម្តែងនូវការចូលរួម និងរីករាយ ដែលអាជ្ញាធរមានគំនិតរៀបចំអភិវឌ្ឍសួនច្បាប់ និងដាក់ប្រព័ន្ធលូរំដោះទឹក ដោយព្រមរុះរើតាមការកំណត់របស់អាជ្ញាធរ តែក៏សូមឱ្យអាជ្ញាធររៀបចំឱ្យមានសមភាព និងត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស បើកាយផ្លូវហើយ ត្រូវដាក់លូវិញភ្លាមៗផង កុំកាយតែដើម្បីបណ្តេញប្រជាពលរដ្ឋ ហើយគ្មានដាក់លូ ឬអភិវឌ្ឍអ្វីទាំងអស់នោះ ។

ក្នុងនោះក៏មានប្រជាពលរដ្ឋមួយចំនួនទៀត បានសម្តែងការមិនពេញចិត្ត និងប្រឆាំងចំពោះការរៀបចំ ធ្វើសួនរបស់អាជ្ញាធរស្រុក ដោយបានលើកឡើងថា ពួកគាត់បានរស់នៅទីនេះ រយៈពេលយូរឆ្នាំមកហើយ ហើយបើអាជ្ញាធរចង់កាយដីដាក់លូ ពួកគាត់នឹងចូលរួមជាមួយ ហើយបើកាយទៅប៉ះសំយ៉ាប ឬផ្នែកណាមួយតិចតួច ពួកគាត់នឹងព្រមរុះរើតាមភាពជាក់ស្តែង តែបើឱ្យពួកគាត់រុះរើ សំណង់ផ្ទះទាំងអស់របស់ពួកគាត់ ដែលបានសាងសង់លើដីចំណីផ្លូវរថភ្លើងនេះ គឺ ពួកគាត់មិនព្រមនោះទេ ព្រោះពួកគាត់មិនដឹងទៅរស់នៅឯណាឡើយ ៕

ដោយ ៖ សម្បត្តិ សីហា

ចំណែក