ឯកឧត្តមសន្តិបណ្ឌិត សុខ ផល និងឯកឧត្តមឧកញ៉ា ភួ ពុយ ចុះពិនិត្យការប្រមូលទិញស្រូវពីប្រជាកសិករ
ខេត្តបាត់ដំបង! នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបាណន់ និង ឯកឧត្តមឧកញ៉ា ភួ ពុយ អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង ដោយមានការចូលរួមពីឯកឧត្ដម លោកជំទាវ ក្រុមការងារស្រុក លោកអភិបាលស្រុក អាជ្ញាធរមូលដ្ឋានឃុំស្នឹង
បានអញ្ជេីញចុះពិនិត្យជួបសំណេះសំណាល ជាមួយបងប្អូនកសិករកំពុងប្រមូលផលស្រូវ ផ្ការំដួល និងសែនក្រអូប នៅភូមិសំបួរមាស ឃុំស្នឹង ដេីម្បីត្រៀមលក់ជូនក្រុមហ៊ុនបៃតង ភីអិលស៊ី។
នាឱកាសនោះដែរ ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល បានធ្វើការថ្លែងអំណរគុណ និងកោតសរសើរដល់ ឯកឧត្ដមឧកញ៉ា ភួ ពុយ ដែលបានធ្វើការសហការល្អប្រសេីរជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយទប់ស្កាត់ការធ្លាក់ចុះនៃតម្លៃស្រូវផ្ការំដួល និងជួយទទួលទិញពីកសិករ ក្នុងខេត្តបាត់ដំបង និងបន្ទាយមានជ័យ ក្នុងតម្លៃសមរម្យដែលកសិករកំពុងជួបប្រទះ ការច្រូតកាត់កកស្ទះ ខ្វះខាតទីផ្សារ និងឈ្មួញអោយតម្លៃទាបនាពេលថ្មីៗនេះ ដោយបានបញ្ជូនភ្នាក់ងារចុះជួយប្រមូលទិញក្នុងតម្លៃ ស្រូវផ្ការំដួលសេីម តាមប្រភេទលេខ១ =១០៤០រៀល/គីឡូក្រាម ,លេខ២= ៩៧០រៀល ទៅ១០០០រៀល/គីឡូក្រាម , លេខ៣= ៩៥០រៀល ទៅ ៩៦០រៀល/គីឡូក្រាម។
ទន្ទឹមនឹងនេះផងដែរ ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ក៏សូមអរគុណដល់អង្គភាពជំនាញ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងស្នេីអោយបន្តជួយផ្តល់ព័ត៌មានដល់កសិករយេីង ដែលមិនទាន់ច្រូតកាត់ ក្នុងឃុំ ឬឃុំនៅជាប់គ្នា ដេីម្បីបានជ្រាបពីការចុះមកជួយទិញពីក្រុមហ៊ុនបៃតង ភីអិលសុី ចៀសវាងការច្រូតស្រូវទាំងបង្ខំគ្មាននរណាទិញ និងមានឈ្មួញខ្លះឆ្លៀតឱកាសបន្តទម្លាក់ថ្លៃ ហើយក៏បានអំពាវនាវដល់បងប្អូនកសិករយេីង ទាំងអស់ត្រូវផ្តល់ព័ត៌មាន ឬសាកសួរលោកមេភូមិ មេឃុំ មុនធ្វើការច្រូតស្រូវ ដេីម្បីអោយដំណឹងដល់ក្រុមហ៊ុនចុះមកទិញ បញ្ចៀសការកកស្ទះ និងស្រូវថយគុណភាព ប៉ះពាល់ដល់តម្លៃ ព្រោះកន្លងមកនៅតំបន់នេះ មុនក្រុមហ៊ុនចុះមកទិញគឺប្រជាកសិករលក់ស្រូវផ្ការំដួលសេីមអោយឈ្មួញបានតម្លៃត្រឹមតែ ៩០០រៀល ទៅ ៩៥០រៀល/គីឡូក្រាមប៉ុណ្ណោះ។
ក្នុងនោះដែរ ប្រជាកសិករក៏បានសំណូមពរដល់ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល និងឯកឧត្ដមឧកញ៉ា ភួ ពុយ បន្តជួយទិញស្រូវរហូតដល់បញ្ចប់ការច្រូតកាត់ និង ស្នេីអោយពិនិត្យលេីតម្លៃស្រូវសម្រាប់បណ្តារដូវក្រោយៗទៀត សូមអោយលក់បានថ្លៃ ដេីម្បីទទួលបានប្រាក់ចំណេញច្រេីន ទប់ទល់និងការចំណាយលេីធាតុចូលឬថ្លៃដេីមផលិត និងស្នេីអោយអ្នកកាន់ម៉ាសុីនច្រូត កុំតម្លេីងថ្លៃ ទៅតាមស្រែជិត ស្រែឆ្ងាយ ឬ អាកាសធាតុ។
ជាមួយគ្នានេះឯកឧត្ដមឧកញ៉ា ភួ ពុយ បានសំណូមពរ ដល់បងប្អូនកសិករ នៅគ្រប់តំបន់ គួរតែរៀបចំអោយមានជាក្រុម ឬសហគមន៌ផលិតស្រូវ ដេីម្បីងាយស្រួលក្នុងការគ្រប់គ្រង ការប្រមូលផលស្រូវ តម្លៃទីផ្សារស្រូវ ទប់ស្កាត់បាននូវការកកស្ទះរដូវច្រូតកាត់ ងាយស្រួលក្នុងការចាត់ចែង ពេលវេលាច្រូតកាត់ -ម៉ាស៊ីនច្រូត និងគ្រប់គ្រងបាននូវតម្លៃណាមួយសរម្យដែលកសិករពេញចិត្ត កាត់បន្ថយបានឈ្មួញ ឆ្លៀតឱកាស បំប៉ោងព័ត៌មាន ធ្វើអោយកសិករជ្រួលច្របល់ប្រញាប់ច្រូតកាត់ ធ្វើឱ្យប៉ះពាល់ ដល់គុណភាព ឬតម្លៃស្រូវ។