សម្ដេចក្រឡាហោម ស ខេង ៖ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធពង្រឹងការ គ្រប់គ្រងខ្សែបន្ទាត់ព្រំដែន និងរកទីផ្សារជូនប្រជាពលរដ្ឋ

54

បាត់ដំបង ៖ មានប្រសាសន៍ក្នុងពិធី ប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសំណូមពរទៅដល់កម្លាំងវរៈនគរបាលព្រំដែន និងអាជ្ញាធរដែនដី ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធ ត្រូវពង្រឹងការគ្រប់គ្រងខ្សែបន្ទាត់ព្រំដែន និងរកទីផ្សារផលដំណាំជូនប្រជាពលរដ្ឋ ។ 

ពិធីប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ដោយបានប្រកាសផ្ទេរភារកិច្ច ឯកឧត្តម សុខ លូ ពីអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ មកកាន់ជាអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ជំនួសឯកឧត្តម ងួន រតនៈ ដែលត្រូវផ្ទេរភារកិច្ចពី អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ទៅជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំវិញ ។ 

សម្ដេចក្រឡាហោម បានមានប្រសាសន៍ទៀតថា ក្រៅពីពង្រឹងការគ្រប់គ្រងខ្សែបន្ទាត់ព្រំដែន និងរកទីផ្សារផលដំណាំជូនប្រជាពលរដ្ឋ អាជ្ញាធរ និងកងកម្លាំង ត្រូវជួយសម្របសម្រួលប្រជាពលរដ្ឋក្នុងការដឹកជញ្ជូនផលិតផលនានាទៅលក់នៅថៃ ឬទំនិញនានាពីថៃមកយើងវិញដែរ ព្រោះយើងបិទតែមនុស្ស ចំពោះទំនិញគឺយើងអត់បានបិទទេ មិនថាជាមួយខាងវៀតណាម ឬជាមួយថៃក៏ដូចគ្នា ត្រូវខិតខំដើម្បីលើកទឹកចិត្តអោយមានការផ្លាស់ប្ដូរទំនិញអោយបានច្រើនកាលណាល្អកាលហ្នឹង ។ 

សម្តេចក្រឡាហោម ក៏បានមានប្រសាសន៍លើកឡើង ពីបញ្ហាការយកចិត្តទុកដាក់ រហូតទៅដល់រៀបចំយន្តការ ច្រកចេញចូលតែមួយ ដោយត្រូវចាំបាច់បន្តជំរុញលើកទឹកចិត្តថែមទៀត ដើម្បីធ្វើយ៉ាងម៉េច បំរើប្រជាពលរដ្ឋដោយដាក់រដ្ឋបាល អោយគៀកប្រជាពលរដ្ឋ និងត្រូវខិតខំដើម្បីផ្តល់សេវាសាធារណៈនេះ អោយបានល្អប្រសើរជូនប្រជាពលរដ្ឋ ៕ 

ដោយ ៖ សាលី

ចំណែក