ឯកឧត្តម សុខ លូ ប្រារព្ធពិធីក្រុងពាលីបួងសួង មុនថ្ងៃប្រកាសចូលកាន់មុខតំណែង ជាអភិបាលខេត្តបាត់ដំបង

66

បាត់ដំបង ៖ ឯកឧត្តម សុខ លូ អតីតអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានប្រារព្ធពិធីក្រុងពាលី បួងសួង ដើម្បីសុំសេចក្តីសុខសប្បាយជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាទូរទាំងប្រទេស នាឱកាសមុនថ្ងៃដែលឯកឧត្តម ត្រូវបានប្រកាសចូលកាន់មុខតំណែង ជាអភិបាលខេត្តបាត់ដំបង ។ 

ពិធីក្រុងពាលីបួងសួងនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅខាងមុខលោកតាដំបងក្រញូង និងក្នុងបរិវេណសាលាខេត្តបាត់ដំបង គោលបំណងដើម្បីសុំសេចក្តីសុខសប្បាយជូនទៅដល់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តបាត់ដំបងទាំងផងដែរ ។ 

ក្នុងនាមឯកឧត្ដម ដែលមកកាន់តំណែងជាអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងក្នុងនាមអោយរដ្ឋបាលខេត្តបាត់ដំបង ឯកឧត្តមសូមបួងសួង ទៅដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមអោយតាមបីបាច់ថែរក្សា ទៅដល់ពុកម៉ែបងប្អូនប្រជារាស្ត្រក្នុងខេត្ត និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់សូមអោយជួបតែសេចក្ដីសុខ សេចក្ដីចំរើន ជៀសឆ្ងាយពីជំងឺដង្កាត់ ជាពិសេសជៀសផុតឆ្ងាយពីជំងឺកូវីដ១៩ទាំងអស់គ្នា។ 

គួរបញ្ជាក់ថា ឯកឧត្តម សុខ លូ  ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ ផ្ទេរភារកិច្ចពីអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ទៅជាអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ជំនួសឯកឧត្តម ងួន រតនៈ ដែលត្រូវព្រះមហាក្សត្រត្រាស់បង្គាប់ ផ្ទេរភារកិច្ចពី អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ទៅជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំវិញ ដែលពិធីប្រកាសផ្ទេរភារកិច្ចនេះ នឹងធ្វើឡើងនៅព្រឹកថ្ងៃច័ន្ទ ទី១១ ខែតុលា ឆ្នាំ២០២១ នៅក្នុងបរិវេណខាងមុខសាលាខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ៕

ដោយ ៖ សាលី

ចំណែក