បំពាក់ឋានន្តរសក្តិ និងគ្រឿងឥស្សរិយយស ជូនមន្ត្រីអាវុធហត្ថសោធននិវត្តន៍ និងពិការ ត្រៀមផ្ទេរចេញក្នុងឆ្នាំ២០២២

បន្ទាយមានជ័យ​ ៖ នៅថ្ងៃទី១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានរៀបចំពិធីបំពាក់ឋានន្តរសក្តិ និងគ្រឿងឥស្សរិយយស ជូនមន្ត្រីអាវុធហត្ថសោធននិវត្តន៍ និងពិការ ចំនួន១១នាក់ ដែលត្រៀមផ្ទេរចេញក្នុងឆ្នាំ២០២២ ។

ពិធីនេះ ប្រព្រឹត្តទៅក្រោយអធិបតីភាពលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលេីផ្ទៃប្រទេស តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង ( VIDEO CONFERENCE ), លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ រួមនឹងលោកមេបញ្ជាការរង​ លោកនាយសេនាធិការរង​ លោកប្រធានមន្ទីរទាំង៧​ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ​ក្រុង-ស្រុកទាំង៩​ ជាច្រើននាក់ទៀតផងដែរ ។

មានប្រសាសន៍នាឱកាស​នោះ￸ លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ បានសំណេះសំណាល​ និងបានរំលឹកពីវរៈភាពដ៏អង់អាចក្លាហាន របស់យោធិននៃកងរាជអាវុធហត្ថខេត្ត ចូលសោធននិវត្តន៍ និងពិការ​ ដែលបានធ្វើពលីកម្ម យ៉ាងធំធេងក្នុងបុព្វហេតុ ការពារជាតិមាតុភូមិ ។ លោកបញ្ជាក់ថា​ ដោយមានការយកចិត្តទុក្ខដាក់ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា​ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលេីផ្ទៃប្រទេស​ បេីទោះជាបីជាបងប្អូនយោធិនចូលនិវត្តន៍ យ៉ាងណាក៏ដោយ​ ក្នុងនាមអាវុធហត្ថ​ នៅតែជាគ្រួសារតែមួយ​ និងនៅបន្តគិតគូរពីសុខទុក្ខរបស់បងប្អូនជានិច្ច ដោយមិនទុកបងប្អូនចោលឡេីយ ។

បន្ទាប់ពីបំពាក់ឋានន្តរសក្តិ គ្រឿងឥស្សរិយយស ជូនយោធិននៃកងរាជអាវុធហត្ថសោធននិវត្តន៍ ចំនួន០៨រូប និងពិការ​ចំនួន០៣រូប លោកនាយឧត្តមសេនីយ៍ សៅ សុខា​ ក៏បានឧបត្ថម្ភ​ថវិកា លេីកទឹកចិត្ត​ជូនយោធិន​ក្នុងម្នាក់៥០ម៉ឺនរៀល​ ព្រមជាមួយគ្នានោះ ចំពោះយោធិន នៃកងរាជអាវុធហត្ថសោធននិវត្តន៍ និងពិការ​ នៅក្នុងបញ្ជាការដ្ឋានអាវុធហត្ថខេត្ត​បន្ទាយមានជ័យ ទាំង១១រូប​ លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ ក៏បានចូលរួមឧបត្ថម្ភថវិកា លេីកទឹកចិត្ត​ក្នុងម្នាក់​៤០ម៉ឺនរៀល​ផងដែរ ៕

CATEGORIES
Share This