ដើមខែកក្តិកឆ្នាំនេះត្រីក្នុងស្ទឹងសង្កែបានឡើងខ្លាំងពលរដ្ឋសម្រុកចុះនេសាទធ្វើប្រហុក ផ្អក
ខេត្តបាត់ដំបង! រដូវធ្លាក់ខ្យល់ត្រជាក់ចាប់ផ្តើមបានធ្វើឲ្យហ្វូងត្រីច្រើនប្រភេទផ្លាស់ប្តូរទីកន្លែងឡើងច្រើនក្នុងស្ទឹងសង្កែ ត្រង់ចំណុចផ្នែកខាងក្រោមជាប់ទំនប់សាលាតាអន ក្នុងភូមិព្រែកញ្ច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ មានប្រជាពលរដ្ឋជាច្រើនមកពីគ្រប់ទិសទី ពិសេសបងប្អូនខ្មែរឥស្លាម រាប់រយនាក់បាននាំគ្នាសម្រុកមកនេសាទទាំងយប់ទាំងថ្ងៃ ដែលប្រជានេសាទខ្លះប្រើឧបករណ៍សំណាញ់ មង ឬខ្នងដួសផ្សេងៗគ្នា។
ពលរដ្ឋអ្នកនេសាទជនជាតិខ្មែរដែលប្រើឧបករណ៍សំណាញ់ម្នាក់បានរៀបរាប់ឲ្យដឹងនៅថ្ងៃទី ១៣ ខែវិច្ឆកា ឆ្នាំ ២០២២នេះថា÷ដើមខែកក្តិកឆ្នាំនេះ ត្រីក្នុងស្ទឹងសង្កែបានឡើងសម្បូរខ្លាំងនៅចន្លោះថ្ងៃ ៩កើត ដល់ថ្ងៃ ១រោចថ្មីៗកន្លងមកនេះ ហើយចាប់តាំងពីថ្ងៃឡើងខ្លាំងភ្លាមមានបងប្អូនប្រជាពលរដ្ឋជាច្រើនមកពីគ្រប់ទិសទី ពិសេសបងប្អូនខ្មែរឥស្លាមបាននាំគ្នាសម្រុកមកនេសាទយ៉ាងពពាក់ពពូនទាំងយប់ ទាំងថ្ងៃ ដើម្បីប្រមូលយកធ្វើផ្អក ប្រហុក ធ្វើត្រីឆ្អើរជាដើម។
អ្នកស្រី ម៉ាត់ ណាស់ ជាខ្មែរឥស្លាមបានរៀបរាប់ឲ្យដឹងដែរថា ត្រីបានឡើងខ្លាំងទាំងហ្វូងជាប់ៗគ្នាជាច្រើនថ្ងៃតាំងពីដើមខែវិច្ឆិកាមក ដោយក្នុងមួយថ្ងៃប្តីរបស់អ្នកស្រីរកត្រីបានពី ៥០ ទៅ ៨០គីឡូក្រាម មានប្រភេទត្រីរៀល ត្រីកញ្ចុះ ត្រីឆ្ពិន ត្រីតាអោន និងកំពឹសផងដែរ ។ចំពោះតម្លៃ ត្រី ស ឬត្រីរៀលមានតូច មានធំក្នុងមួយគីឡូក្រាមលក់បានតម្លៃចាប់ពី ១៣០០រៀល ដល់ ៤៥០០រៀល, ត្រីកញ្ចុះលក់បានតម្លៃ ៥០០០រៀល, ត្រីតាអោន និងកំពឹសលក់បានក្នុងតម្លៃចន្លោះពី ១៥០០០រៀល ដល់ ២៥០០០រៀល។
អ្នកស្រីបន្តថា÷ អំឡុងត្រីស្ទឹងសង្កែឡើងច្រើនប៉ុន្មានថ្ងៃមកនេះលោកស្រីរកប្រាក់ចំណូលបានច្រើនគួរសមដែរ នៅថ្ងៃខ្លះអាចរកបានពី ២០ ដល់ ៣០ម៉ឺនរៀល ប៉ុន្តែចុងក្រោយនេះផលត្រីចុះបន្តិច រកប្រាក់ចំណូលបានតែពី ៧ម៉ឺន ទៅ ១៥ម៉ឺនតែប៉ុណ្ណោះ ហើយរៀងរាល់ថ្ងៃនេះនៅតែបន្តមានប្រជានេសាទរាប់រយនាក់នាំគ្នាសម្រុកនេសាទ មានទាំងលក្ខណះអាជីព និងតាមបែបគ្រួសារលេងកម្សាន្តសប្បាយថែមទៀតផង៕