រដ្ឋបាលក្រុងប៉ោយប៉ែត រៀបចំដាក់អំពូលបំភ្លឺសួនប៉ោយប៉ែត តេជោ ឈ្នះ-ឈ្នះ និងតាមដងផ្លូវដល់មាត់ច្រក

បន្ទាយមានជ័យ ៖ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារ ចុះពិនិត្យការរៀបចំដាក់អំពូលភ្លើង ដើម្បីបំភ្លឺសួនប៉ោយប៉ែត តេជោ ឈ្នះ-ឈ្នះ ដែលបានសាងសង់រួច និងកំពុងបន្តរសាងសង់ និងដាក់អំពូលភ្លើងតាមដងផ្លូវមួយចំនួនទៀត ដើម្បីលើកកំពស់សោភ័ណភាពក្រុង អោយកាន់តែស្រសស្អាត សមជាក្រុងនៃមុខមាត់ប្រទេស ។

សួនប៉ោយប៉ែត តេជោ ឈ្នះ-ឈ្នះ ជាសួនដែល បានសាងសង់ឡើង តាមបណ្តោយផ្លូវជាតិលេខ៥  ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ និងភូមិគីឡួលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានផ្ទៃក្រឡា ៩,៦០០ ម៉ែត្រការេ ត្រូវបានស្ថាបនារួចរាល់ជាស្ថាពរ និងត្រៀមដាក់សម្ពោធបើកឲ្យប្រើប្រាស់ ក្នុងពេលឆាប់ៗខាងមុខនេះ ។

លោកគាត ហ៊ុល បានអោយដឹងទៀតថា សួននេះ បានប្រែក្លាយ​ពីសំណងមិនរៀបរយ តាមចំណីផ្លូវជាតិលេខ៥ និងផ្លូវរថភ្លេីងកណ្តាលក្រុងប៉ោយប៉ែត ក្លាយជាសួរច្បារ “តេជោឈ្នះឈ្នះ” ដំបូងគេដែលមិនធ្លាប់មាន លេីទឹកដីជាយដែនកម្ពុជាថៃ តាមផែនការមេនៃការស្ដារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ឲ្យល្អប្រសើរ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ជាពិសេសក្រុងប៉ោយប៉ែត ។

លោកអភិបាលក្រុង បានបន្តថា ការស្ថាបនាសួនប៉ោយប៉ែតតេជោ ឈ្នះ ឈ្នះ ផ្តេីមចេញពីនយោបាយឈ្នះឈ្នះ ដោះស្រាយ​សំណង់មិនរាប់រយ ក្រោមការសម្របសម្រួលរវាងអាជ្ញាធរ និងប្រជាពលរដ្ឋ ដែលបានតាំងលំនៅនៅលើដីចំណីផ្លូវសាធារណៈជាង៤០គ្រួសារ ក្នុងពេលកន្លងមក ទេីបពួកគាត់យល់ព្រមរុះរើដោយស្ម័គ្រចិត្ត ចេញពីទីតាំងនេះដើម្បីឲ្យអាជ្ញាធរធ្វើការអភិវឌ្ឍ តំបន់នេះទៅជាប្រយោជន៍សាធារណៈ ។

លោកបន្តថា ដោយទទួលបានការសន្តោសប្រណី ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រទ្ធឹបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រជាពលរដ្ឋទាំងជាង៤០គ្រួសារ ទទួលបាននូវនូវដីកាន់កាប់ដោយស្របច្បាប់ ក្នុង១គ្រួសារ១ឡូតិ៍ក្បាលដី នៅភូមិបឹងជង្រុកតេជោ ឈ្នះ ឈ្នះ តាមរយៈលោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ធកាល័យសម្តេចតេជោផងដែរ ។

ដោយឡែក ចំពោះមុខតាមផែនការ បានធ្វើការសាងសងរង្វង់មូលមាត់ច្រកអន្តរជាតិប៉ោយប៉ែតឡេីងវិញ តាមអ្វីដែលក្រសួងជំនាញអនុញ្ញត ហើយរៀបចំអោយមានផ្លូវដេីរត្រឹមត្រូវ ចូលទៅកាន់អាគារច្រកទ្វារអន្តរជាតិប៉ោយប៉ែត ហេីយភ្ជាប់មកវិញបន្តដល់សួនច្បារតេជោ​ ឈ្នះឈ្នះ ដេីម្បីអោយមានសោភ័ណភាព និងសណ្តាប់ធ្នាប់ ដូចជាស្រុកអារញប្រទេសថៃជាប់នឹងព្រំដែនយេីង ៕

CATEGORIES
Share This