ឯកឧត្តម សុខ លូ បន្តចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ សម្ដេចតេជោ ហ៊ុន សែន ជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ជាង១ពាន់គ្រួសារនៅស្រុកបវេល
ខេត្តបាត់ដំបង! នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបាត់ដំបង បានបន្តអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន ១,១២១គ្រួសារ ក្នុងស្រុកបវេល ខេត្តបាត់ដំបង ។
មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម សុខ លូ បាននាំយកប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្ដេចតែងតែគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា បើទោះបីជាសម្ដេចមិនបានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ក្ដី ក៏ប៉ុន្តែសម្ដេចបានធ្វើការណែនាំដល់រដ្ឋបាលខេត្ត ក្នុងការចុះពិនិត្យស្វែងរកប្រជាពលរដ្ឋដែលកំពុងជួបប្រទះបញ្ហានានាដូចជាគ្រោះទឹកជំនន់ជាដើម ដើម្បីធ្វើការចែកជូនអំណោយដល់ប្រជាពលរដ្ឋដែលរងគ្រោះនោះឱ្យបានទាន់ពេលវេលា ។
ឯកឧត្តម ក៏បានថ្លែងអំណរគុណ និងថ្លែងនូវការកោតសរសើរដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានខិតខំជួយសង្រ្គោះប្រជាពលរដ្ឋពីគ្រោះទឹកជំនន់ បានទាន់ពេលវេលា ដែលបង្ហាញពីកម្លាំងសាមគ្គីភាពគ្នា និងបង្ហាញពីភាពរឹងស្វាហាប់ក្នុងការចុះសង្រ្គោះប្រជាពលរដ្ឋ ហើយក៏បានធ្វើការផ្ដាំផ្ញើដល់ប្រជាពលរដ្ឋណាដែលមិនទាន់ធ្វើការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ សូមប្រញាប់ទទួលការចាក់វ៉ាក់សាំងដូសជំរុញនេះឱ្យបានគ្រប់ៗគ្នា ព្រោះថាជំងឺកូវីដ-១៩នៅក្នុងប្រទេសកម្ពុជានេះ មិនទាន់ផុតរលត់ទៅណាទេ គឺនៅតែបន្តយាយីប្រជាពលរដ្ឋគ្រប់ពេលវេលា ដូចនេះសូមនាំគ្នារួសរាន់ទៅចាក់នៅតាមមណ្ឌលសុខភាព ឬមណ្ឌលចាក់វ៉ាក់សាំងណាមួយដែលនៅជិតផ្ទះប្រជាពលរដ្ឋ ចាប់ពីដូសទី៣ឡើងទៅ ហើយសុំកុំឱ្យមានការភ័យខ្លាចថា ចាក់វ៉ាក់សាំងនេះបង្កឱ្យមានបញ្ហាអីផ្សេងឱ្យសោះ ព្រោះវ៉ាក់សាំងគឺសម្រាប់ការពារ ជាពិសេសសម្រាប់ការពារក្រុមមនុស្សទន់ខ្សោយឱ្យគេចផុតពីជំងឺកូវីដ-១៩ និងត្រូវបន្តចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយការស្លាប់ និងពិការភាពដោយសារគ្រោះថ្នាក់ចរាចរណ៍ណាមួយ ។
អំណោយដែលនាំយកមកជូននាពេលនេះក្នុងមួយគ្រួសារទទួលបាន -អង្ករ២៥គីឡូក្រាម -ទឹកសុទ្ធ១កេស -ទឹកត្រី១យួរ -ទឹកស៊ីអីវ១យួរ -ត្រីខ១យួរ -មី១កេស -ធុងចម្រុះទឹកស្អាតចំនួន០១ឈុត ៕