សម្តេចតេជោ និងមេដឹកនាំអាស៊ានទាំងអស់ ចូលគាល់ព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅមុនការចាប់ផ្តើមនៃកិច្ចប្រជុំកំពូលអាស៊ាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង​ជា​ប្រធានអាស៊ាន និងបណ្តាមេដឹកនាំប្រទេសសមាជិកអាស៊ានទាំងអស់ ដែលបានមកដល់កម្ពុជា បានចូលគាល់ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅព្រះបរមរាជវាំង។

បណ្តាមេដឹកនាំអាស៊ាន ដែលមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះមាន​តែ៩រូបប៉ុណ្ណោះ ខណៈដែលមេដឹកនាំនយោបាយមីយ៉ាន់ម៉ា មិនត្រូវបានអញ្ជើញឱ្យចូលរួមប្រជុំ ដោយ​សារតែការអនុវត្តមិនបានពេញលេញ ​នូវគោលការណ៍កុងសង់ស៊ីស៥ចំណុច។

កិច្ចប្រជុំកំពូល ​ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ធ្វើឡើងចាប់ផ្តើមពីថ្ងៃទី១០ ​ដល់ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ​នៅរាជធានីភ្នំពេញ មានព្រឹត្តិការណ៍ដូចជា៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង​លើកទី៤១ កិច្ចប្រជុំកំពូលអាស៊ានចិន ​លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ានជប៉ុន លើកទី២៥ កិច្ច​ប្រជុំកំពូលអាស៊ានសាធារណរដ្ឋកូរ៉េ លើកទី២៣ កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៥ កិច្ច​ប្រជុំកំពូលរំលឹកខួប៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ានឥណ្ឌា ​កិច្ចប្រជុំកំពូលអាស៊ានសហរដ្ឋអាមេរិក លើកទី១០ កិច្ចប្រជុំកំពូលអាស៊ានអូស្ត្រាលី ​លើកទី២ កិច្ច​ប្រជុំកំពូល​រម្លឹក​ខួប​នៃទំនាក់ទំនងអាស៊ានកាណាដា​ កិច្ចប្រជុំកំពូលអាស៊ានអង្គការសហប្រជាជាតិ និងកិច្ចប្រជុំកំពូល​អាស៊ីបូព៌ា លើកទី១៧ ផងដែរ៕

CATEGORIES
Share This