សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានប្រគល់ផ្ទះមនុស្សធម៌០១ខ្នងជូនគ្រួសារពិការដៃទាំង២មានជីវភាពក្រីក្រនៅឃុំជ្រៃ ស្រុកថ្មគោល

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងសហការី បានអញ្ចើញប្រគល់ផ្ទះមនុស្សធម៌០១ខ្នងជូនគ្រួសារលោក យ៉ាន ចិន អាយុ២៣ឆ្នាំ គ្រោះថ្នាក់ការងារនៅប្រទេសថៃកាលដើមឆ្នាំ២០២២ បណ្តាលអោយដាច់ដៃទាំង២ មានប្រពន្ធនិងកូនតូច២នាក់ រស់នៅភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។

ក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ បានមានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់និងមើលឃើញពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាពិសេសសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងតែងតែគិតគូរដល់ទុក្ខលំបាករបស់លោក យ៉ាន ចិន ដែលជាពលករនៅប្រទេសថៃបានរងគ្រោះថ្នាក់ការងារដោយដាច់ដៃទាំង២ និងបានវិលមករស់នៅស្រុកកំណើត មានប្រពន្ធកូនត្រូវចិញ្ចឹម គ្មានផ្ទះសំបែង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់អោយសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ពិនិត្យលទ្ធភាពធ្វើផ្ទះជូន និងផ្តល់គ្រឿងឧបភោគបរិភោគនិងថវិកាជាបន្តបន្ទាប់ផងដែរ ។

ក្នុងឱកាសជួបសំណេះសំណាលនោះដែរ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានសម្តែងនូវក្តីសោមនស្សរីករាយ និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បើទោះបីជាសម្តេច មិនបានអញ្ជើញផ្ទាល់ ប៉ុន្តែតាមរយៈសហការីនៃកាកបាទក្រហមកម្ពុជា សម្តេចតែងតែផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ ការគិតគូរពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសការពាំនាំនូវសារអប់រំថែទាំសុខភាព ត្រូវគិតគូរថែទាំទាំងសុខភាពផ្លូវកាយ ផ្លូវចិត្តឱ្យបានល្អ និងបន្តចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩។

បន្ថែមពីនេះ ឯកឧត្តមប្រធានបានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ត្រូវពិសាទឹកដាំឆ្អិន រស់នៅមានអនាម័យ សម្រាកក្នុងមុងជានិច្ច និងលើកកម្ពស់សុវត្ថិភាពអាហារប្រចាំថ្ងៃ តាមរយៈការដាំបន្លែបង្ការក្នុងគ្រួសារ ដើម្បីបានសុខភាពល្អផង និងកាត់បន្ថយការចំណាយក្នុងគ្រួសារផង ហើយក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបន្តខិតខំប្រឹងប្រែងដើម្បីជីវភាពគ្រួសារ ព្រោះថាអំណោយរបស់កាកបាទក្រហមកម្ពុជា អាចជួយសម្រាលការលំបាកដល់បងប្អូនតែមួយគ្រាប៉ុណ្ណោះ ហើយសូមបងប្អូនទាំងអស់ចូលរួមថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស ព្រោះមានតែសន្តិភាពទេដែលអាចឱ្យប្រទេសយើងមានការអភិវឌ្ឍ រីកចម្រើនរុងរឿងបាន។

ជាកិច្ចឆ្លើយតប លោក យ៉ាន ចិន និងភរិយា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ តែងតែបានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋដោយគ្មានការរើសអើងអ្វីឡើយ។

សូមបញ្ជាក់ថា សាខាខេត្តបានសាងសង់ផ្ទះមួយខ្នងទំហំ ៤ម៉ែត្រ X ៦ម៉ែត្រ ដោយគ្រឿងបង្គំធ្វើអំពីដែកជញ្ជាំងស៊ីម៉ង់ត៏ ដំបូលស័ង្កសី តយាបខាងមុខ និងបង្គន់អនាម័យមួយបន្ទប់នៅខាងក្នុងផ្ទះ ដោយចំណាយថវិកាសាងសង់អស់ ចំនួន ៥,៥០០ ដុល្លារសហរដ្ឋអាមេរិក និងបានឧបត្ថម្ភបន្ថែម៖ -អង្ក៥០គីឡូក្រាម ,មី០២កេស ,ទឹកស៊ីអ៊ីវ២យួ ,ទឹកត្រី២យួ ,មី២កេស ,ទឹកបរិសុទ្ធ២កេស,ត្រីខ២យួរ,មុង២ ,កន្ទេលបត់២,ភួយ២,ខ្នើយ២, សម្ភារៈផ្ទះបាយមួយចំនួននិងថវិកា៥០ម៉ឺនរៀលផងដែរ ។

 

CATEGORIES
Share This