ស្លាប់និងរបួសជាច្រើននាក់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកទំនិញបុកប៉ះជាមួយម៉ូតូកង់បី(PASSAP)

30

បាត់ដំបង៖ យ៉ាងហោចណាស់ក្មេងស្រីម្នាក់បានស្លាប់ភ្លាមៗនៅហ្នឹងកន្លែង និង០៧នាក់ផ្សេងទៀតរងរបួសធ្ងន់ ស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តប្រភេទដឹកទំនិញធុនតូច បុកជាមួយម៉ូតូកង់បី(PASSAP)ពេញទំហឹង។

សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១០និង២០នាទី ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០២១ នៅ
តាមបណ្ដោយផ្លូវហាយវេ(ផ្លូវវាងក្រុង) ត្រង់ចំណុចផ្លូវបំបែកខាងកើតបាហៃ ស្ថិតក្នុងភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។

នៅមុនពេលកើតហេតុគេឃើញ ម៉ូតូកង់បី(PASSAP)ពណ៌ស០១គ្រឿង ពាក់ផ្លាកលេខ​ បាត់ដំបង1AI.4111 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរក្មេងចាស់ចំនួន០៧នាក់បានធ្វើដំណើរត្រឡប់មកពីមណ្ឌលចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើម៉ូតូបានបើកឆ្លងផ្លូវ ក៏ស្រាប់តែមានរថយន្តមួយគ្រឿងប្រភេទដឹកទំនិញម៉ាកហ៊ីលុច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AV. 0284 បើកបរជិះគ្នាពីរ (តៃកុង និង ព្រូ)ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលទៅបុកម៉ូតូកង់បីពេញទំហឹងអូសប្រហែល៤០ម៉ែត្រ រួចផ្លោងចូលប្រឡាយទាំងរថយន្តនិងម៉ូតូ បណ្តាលអោយមនុស្សប៉ើងធ្លាក់ពេញផ្លូវនិងចូលទឹក អោយក្មេងស្រីអាយុ១២ឆ្នាំម្នាក់ស្លាប់ភ្លាមៗ និងមនុស្សក្មេងចាស់០៧នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះព្យាបាលនៅឯមន្ទីរពេទ្យ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅធ្វើការវាស់វែងនាំយកទាំងម៉ូតូនិងរថយន្តដែលរងការខូចខាតទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង ដើម្បីរងចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់។

ដោយ៖សាលី

ចំណែក