ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ១៦៣គ្រួសារ មកពីឃុំចំនួន២ ក្នុងស្រុកថ្មគោល ទទួលបានអំណោយពីសាខាកាកបាទក្រហម
ខេត្តបាត់ដំបង ! នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងសហការី បានអញ្ចើញសំណេះសំណាលសួរសុខទុក និងបានផ្តល់អំណោយមនុស្សធម៌ជូនដល់ចាស់ឥតទីពឹង ជនមានពិការភាព ស្ត្រីមេម៉ាយ អ្នកផ្ទុកមេរោគអេដស៍ ស្ត្រីទេីបសម្រាលកូន និងអ្នកទីទ័លក្រសរុបចំនួន ១៦៣គ្រួសារ មកពីឃុំចំនួន២ ក្នុងស្រុកថ្មគោល នៃខេត្តបាត់ដំបង ។
ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋទាំងអស់ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្ត បានសម្តែងនូវក្តីសោមនស្សរីករាយ និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បើទោះបីជាសម្តេច មិនបានអញ្ជើញផ្ទាល់ ប៉ុន្តែតាមរយៈសហការីនៃកាកបាទក្រហមកម្ពុជា សម្តេចតែងតែផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ ការគិតគូរពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសការពាំនាំនូវសារអប់រំថែទាំសុខភាព ត្រូវគិតគូរថែទាំទាំងសុខភាពផ្លូវកាយ ផ្លូវចិត្តឱ្យបានល្អ និងបន្តចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩។
បន្ថែមពីនេះ ឯកឧត្តមប្រធាន បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ត្រូវពិសាទឹកដាំឆ្អិន រស់នៅមានអនាម័យ សម្រាកក្នុងមុងជានិច្ច និងលើកកម្ពស់សុវត្ថិភាពអាហារប្រចាំថ្ងៃ តាមរយៈការដាំបន្លែបង្ការក្នុងគ្រួសារ ដើម្បីបានសុខភាពល្អផង និងកាត់បន្ថយការចំណាយក្នុងគ្រួសារផង ហើយក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបន្តខិតខំប្រឹងប្រែងដើម្បីជីវភាពគ្រួសារ ព្រោះថាអំណោយរបស់កាកបាទក្រហមកម្ពុជា អាចជួយសម្រាលការលំបាកដល់បងប្អូនតែមួយគ្រាប៉ុណ្ណោះ ហើយសូមបងប្អូនទាំងអស់ចូលរួមថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស ព្រោះមានតែសន្តិភាពទេដែលអាចឱ្យប្រទេសយើងមានការអភិវឌ្ឍ រីកចម្រើនរុងរឿងបាន។
ជាកិច្ចឆ្លើយតប ប្រជាពលរដ្ឋទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ តែងតែបានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋដោយគ្មានការរើសអើងអ្វីឡើយ។
សូមបញ្ជាក់ថា អំណោយដែលផ្តល់ជូនគ្រួសារនីមួយៗរួមមាន៖ -អង្ករ ២៥គីឡូក្រាម, មី១កេស, ទឹកបរិសុទ្ធ១កេស,ត្រីខ ១០កំប៉ុង, ទឹកត្រី ១យួរ, ទឹកស៉ីអ៉ីវ១យួរ ហើយក្នុងនោះដែរក្រុមការងារក៏បានប្រគេនចំពោះព្រះសង្ឃវត្តទំពូង រួមមាន៖ -អង្ក ៥០គីឡក្រាម, មី២កេស,ទឹកបរិសុទ្ធ៥កេស,ទឹកត្រី៥យួរ,ទឹកស៊ីអ៉ីវ៥យួរ ,ត្រីខ២យួរ និងបច្ឆ័យមួយចំនួនផងដែរ។