គ្រាន់តែរឿង មាន់ជុះអាចម៌ដាក់កន្លែងដេកសោះ ក្លាយជារឿងឃាត់កម្មសម្លាប់មនុស្ស

265

បន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកម៉ាឡៃ ធ្វើការឃាត់ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងសំណុំរឿងឃាតកម្មសម្លាប់មនុស្ស ផ្តើមចេញពីរឿង មាន់ជុះអាចម៌ដាក់កន្លែងដេក ។

លោក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា បន្ទាប់ពីមានករណីឃាតកម្មខាងលើ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងបានសង្គ្រោះជនរងគ្រោះម្នាក់ឈ្មោះ រតនា ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅ ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានមកធ្វើការសំណង់នៅ ស្រុកម៉ាឡៃ តែជួយសង្រ្គោះមិនបាន ។

លោកថា នៅយប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ជនរងគ្រោះបានឈ្លោះប្រកែកគ្នា ជាមួយជនសង្ស័យឈ្មោះ អូន ខួច ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិបន្ទាយជ័យ ឃុំបន្ទាយជ័យ ស្រុកចំការលើ ខេត្តកំពង់ចាម ជាកម្មករសំណង់ជាមួយគ្នា រឿងមាន់ជុះអាចម៍ដាក់កន្លែងដេក រហូតជនសង្ស័យទប់កំហឹងមិនបានយកកាំបិតបត់ ស្ទុះចាក់ទៅលើជនរងគ្រោះ ចំទ្រូងក្រោមដោះខាងឆ្វេង បណ្ដាលឲ្យចុក ហូឈាមរហូតស្លាប់ នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យស្រុកម៉ាឡៃ ។

លោកបន្តថា ក្រោយបង្កហេតុ ជនសង្ស័យបាន រត់គេចខ្លួន តែក៏ត្រូវ កម្លាំងនគរបាល ស្រាវជ្រាវចាប់ខ្លួនបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

ដោយ ៖ សុខហេង

ចំណែក