អភិបាលខេត្តបន្ទាយមានជ័យ ផ្តល់សម្លៀកបំពាក់ ជូនកុមារកំព្រា
បន្ទាយមានជ័យ ៖ ក្នុងឱកាសអបអរសារទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ ថ្ងៃទី៧ វិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ជ័យ ណារី លោក រត្ន័ ដាសុីណង់ អភិបាលស្រុកមង្គលបូរី បានអញ្ជើញសំណេះសំណាល សាកសួរសុខទុក្ខ និងបាននាំសម្លៀកបំពាក់សិស្ស ចែកជូនដល់កុមារកំព្រាចំនួន១១៥នាក់ នៃមណ្ឌលសង្គ្រោះជនអស់សង្ឃឹមll ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
លោកប្រធានមណ្ឌលនៃមណ្ឌលសង្គ្រោះជនអស់សង្ឃឹមll និងកុមារកំព្រាទាំងអស់ បានសម្តែងក្តីសប្បាយរីករាយ ក្នុងចិត្តដោយទទួលបានការយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំនាពេលកន្លងមក ពេលជួបគ្រោះទឹកជំនន់ បានជម្លៀសរៀបចំឲ្យមានកន្លែងស្នាក់នៅ ហូបចុកគ្រប់គ្រាន់ ពេលនេះបានទិញសម្លៀកបំពាក់បន្ថែមទៀត ។
លោកប្រធានមណ្ឌលនៃមណ្ឌលសង្គ្រោះជនអស់សង្ឃឹមll និងកុមារកំព្រាទាំងអស់ បានសូមថ្លែងអំណរគុណ ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ ព្រមទាំងក្រុមការងារ ដែលជានិច្ចកាលតែងតែផ្តល់ភាពកក់ក្តៅ ជួយឧបត្ថម្ភគាំទ្រ សម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានណែនាំដល់កុមារទាំងអស់ ដែលរស់នៅក្នុងមណ្ឌល ត្រូវប្រឹងប្រែងរៀនសូត្រ ចេះស្រលាញ់គ្នា ជួយគ្នា ជួយទុកធុរៈគ្នា ហើយរស់នៅដោយក្តីសង្ឃឹម ដើម្បីក្លាយជាមនុស្សល្អ មានអនាគតល្អទៅថ្ងៃមុខ ៕