ប្រធានមន្ទីរទេសចរណ៍រំពឹងថា ភ្ញៀវទេសចរមកកម្សាន្តលេងនៅខេត្តបាត់ដំបងក្នុងឱកាសឈប់សម្រាកពិធីបុណ្យអុំទូក នៅថ្ងៃខាងមុខនេះ អាចនឹងកើនឡើងចន្លោះជាង ១០%

ខេត្តបាត់ដំបង! ក្នុងឱកាសឈប់សម្រាកបីថ្ងៃនៃពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ខាងមុខនេះបើយោងតាមតួលេខ ភ្ញៀវទេសចរដែលមកកម្សាន្តលេងនៅខេត្តបាត់ដំបង អាចនឹងកើនឡើងចន្លោះជាង ១០% បើប្រៀបធៀបទៅនឹងឆ្នាំ២០២១ នេះបើយោងតាមការលើកឡើងរបស់លោក អ៊ុច អ៊ុំភីនីស្សារ៉ា ដែលជាប្រធានមន្ទីរទេសចរណ៍បានផ្តល់អោយអ្នកយកព័ត៌មានយើងបានដឹងនារសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

ការរំពឹងបែបនេះដោយសារខេត្តបាត់ដំបងមានវិសាលភាពទឹកដីធំទូលាយ មានប្រជាជនច្រើន និងក្លាយជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញនៅភូមិភាគពាយ័ព្យនៃប្រទេសកម្ពុជា ជាក់ស្តែងបច្ចុប្បន្ននេះខេត្តបាត់ដំបងមានតំបន់ទេសចរណ៍ចំនួន ១១១ ទីតាំង បន្ថែមពីនេះសេវាកម្មទេសចរណ៍នានាមានស្តង់ដាត្រឹមត្រូវ និងតម្លៃសមរម្យ ព្រមទាំងមានអាហារឆ្ងាញ់ៗជាច្រើន ដែលកត្តាទាំងនេះហើយគឺជាចលករក្នុងការទាក់ទាញភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិមកកម្សាន្តក្នុងខេត្តបាត់ដំបងច្រើន។

គួរបញ្ជាក់ថា ក្នុងឱកាសនៃពិធីបុណ្យភ្ជំបិណ្ឌរយះពេល០៣ថ្ងៃកន្លងទៅនេះ ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិដែលមកកម្សាន្តលេងរហូតចំនួន ជាង២០ម៉ឺននាក់ ដែលតួរលេខមួយនេះធ្វើអោយខេត្តបាត់ដំបងទទួលបានចំណាត់ថ្នាក់លេខ១ទូរទាំងប្រទេស  ហើយសម្រាប់តួលេខភ្ញៀវទេសចរដែលមកកម្សាន្តនៅខេត្តបាត់ដំបង ក្នុងឱកាសនៃពិធីបុណ្យអ៊ុំទូក រយៈពេលពីរថ្ងៃកន្លងទៅក៏ទទួលបានតួលេខខ្ពស់ផងដែររហូតជិត ២០ម៉ឺននាក់ផងដែរ។

CATEGORIES
Share This