បច្ចុប្បន្ន​ ពលរដ្ឋ​មានភាព​​រីករាយ​សុខដុមរមនា​ គឺ​ខុស​ពី​ជាង​៤០​ឆ្នាំមុន​ ​រស់​នៅ​ក្នុង​ភាព​ភ័យខ្លាច ​

115

ត្បូងឃ្មុំ ៖ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ​បាន​ប្រសាសន៍​ថា ​ព្រះរាជាណាចក្រ​កម្ពុជា​ បច្ចុប្បន្ន​នេះ​ប្រជា​ពលរដ្ឋ​ មាន​ភាព​សប្បាយ​រីករាយ​សុខដុមរមនា​ គឺ​ខុស​ពី​ជាង​៤០​ឆ្នាំមុន​ ដែល​​ពលរដ្ឋ​រស់​នៅ​ក្នុង​ភាព​ភ័យខ្លាច ​លំបាក​វេទនា ​គ្មាន​សិទ្ធ​សេរីភាព​អ្វី​ទាំងអស់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​។

ឧបនាយករដ្ឋមន្ត្រី ​បានបន្ដថា ​ភាព​សុខដុម​របស់​ប្រជាពលរដ្ឋ​លើ​គ្រប់​ផ្នែក​ គ្រប់​វិស័យ ​រួមទាំង​វិស័យ​សាសនា​ ​អាច​កើតឡើង​បាន ​អាស្រ័យ​ដោយ​ប្រទេសជាតិ​មាន​សុខ​សន្តិភាព​ស្ថេរភាព​នយោបាយ​ ដែល​ប្រមុខ​រាជរដ្ឋាភិបាល ​គឺ​សម្តេច​តេ​ជោ ហ៊ុន សែន ​បាន​ខិតខំ​ប្រឹងប្រែង​រកម​ក​បាន​ដោយ​លំបាក ​និង​បន្ត​រក្សា​នូវ​សុខ​សន្តិភាព​នេះ​ សំរាប់​ជា​ប្រយោជន៍​ជាតិ​និង​ប្រជាជន ។ ដូច្នេះ​ហើយ​ទើប​ សម្តេច​តេ​ជោ​ តែងតែ​បាន​លើកឡើង​នូវ​ពាក្យ​ថា​ អរគុណ​សន្តិភាព​ និង​ចូលរួម​អរគុណ​សន្តិភាព​ទាំងអស់គ្នា​ ដោយ​ធ្វើយ៉ាងណា​រួមគ្នា​ថែរក្សា​សុខ​សន្តិភាព​នេះ​អោយ​បាន​ស្ថិតស្ថេរ​គង់វង្ស​ជានិច្ច​និរន្តរ៍​ ដើម្បី​អោយ​កម្ពុជា​ឈាន​ឆ្ពោះ​ទៅរក​វឌ្ឍនភាព ​និង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ប្រជា​​ពលរដ្ឋ​មាន​ជីវភាព​ធូរធារ​បាន​រស់នៅ​ជួបជុំគ្នា​ប្រកបដោយ​ភាព​សុខដុមរមនា​បន្ត​រហូតដល់​កូនចៅ​ជំនាន់​ក្រោយៗ​ទៀត​។

ថ្លែង​ក្នុង​ពិធី​នេះ ​សម្ពោធ​ឆ្លង​សាលា​ធម្មសភា សាប​បេតុង​ វត្ត​គិរី​ទក្ខិណា​រាម​ ហៅ​វត្ត​ក្បាល​បឹង​សេះ ស្ថិត​នៅក្នុង​ឃុំ​គរ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ​និង​សមិទ្ធផល​នានា ​ក្រោម​ការចូលរួម​បរិច្ចាគ​ធនធាន​ផ្ទាល់​ខ្លួន ​ដោយ​សទ្ធា​ជ្រះថ្លា​ពី​សប្បុរសជន ​និង​ប្រជា​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ ឯកឧត្តម​ ​ឧបនាយក​រដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​ និង​សំណង់​ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេចតេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​ ព្រមទាំង​មានការ​ចូលរួម​ពី​អាជ្ញាធរ​ដែនដី​ ព្រះសង្ឃ អាចារ្យ គណៈកម្ម​ការ មន្ត្រីរាជការ លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស​និង​ប្រជា​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ជាច្រើន​កុះករ​។

បើ​តាម​របាយការណ៍​រប​ស់​លោក​ សេង សុខ​ខឿន អភិបាលស្រុក​ត្បូងឃ្មុំ ​បានឲ្យ​ដឹងថា ​វត្ត​គិរី​ទ​ក្ខិ​ណា​រាម​ហៅ​វត្ត​ក្បាល​បឹង​សេះ​ ​មាន​អាយុកាល​៦៥ឆ្នាំ​ មកហើយ​ រហូតមកទល់​បច្ចុប្បន្ន​ និង​បាន​ឆ្លងកាត់​ការគ្រប់គ្រង ​ពី​ព្រះគ្រូ​ចៅអធិការ​ចំនួន​៦អង្គ​ហើយ​។​វត្ត​នេះ ​ក៏​មិន​ខុស​ពី​វត្ត​ដទៃទៀត​នៅ​ទូទាំង​ប្រទេស​ដែរ​គឺ​បាន​ឆ្លងកាត់​នូវ​របប​ប្រល័យពូជសាសន៍​ប៉ុល​ពត​ដែល​បាន​បំផ្លិចបំផ្លាញ​ទី​អារាម​នេះ​ស្ទើរ​គ្មាន​សល់​។​ក្រោយ​ថ្ងៃ​រំដោះ​៧ មករា​ឆ្នាំ១៩៧៩ ហេដ្ឋារចនាសម្ព័ន្ធ​សង្គម​ត្រូវ​បាន​កសាង​ និង​ស្តារ​ឡើងវិញ​ ក្នុងនោះដែរ ​ទី​អារាម​វត្ត​គិរី​ទ​ក្ខិ​ណា​រាម​ហៅ​វត្ត​ក្បាល​បឹង​សេះ​ ក៏ដូចជា​ ទី​អារាម​នានា​នៅ​ទូទាំង​ប្រទេស ​បាន​ចាប់ផ្តើម​ជួសជុល​ និង​កសាង​សមិទ្ធផល​ថ្មីៗ​ ជា​បន្តបន្ទាប់​ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ពី​ថ្នាក់ដឹកនាំ​នៃ​រាជរដ្ឋាភិបាល ​សប្បុរសជន​ រួមជាមួយ​ព្រះគ្រូ​ចៅអធិការ​វត្ត​ និង​ប្រជា​ពុទ្ធ​បរិស័ទ​ជិត​ឆ្ងាយ​។​ ដោយឡែក​សាលា​ធម្មសភា សាប​បេតុង​ និង​សមិទ្ធផល​នានា​ ជាច្រើន​ទៀត​ក្នុង​វត្ត​គិរី​ទ​ក្ខិ​ណា​រាម​ហៅ​វត្ត​ក្បាល​បឹង​សេះ​ ត្រូវ​សម្ពោធ​ឆ្លង​នាពេលនេះ​ បាន​ចំណាយ​ថវិកា​ក្នុង​ការ​សាងសង់​អស់​116 800$ ​បច្ចុប្បន្ន​នៅ​ជំពាក់​ថ្លៃ​ជាង​ និង​សំភារៈ​សាងសង់​សរុប ​17 765$​ ទៀត​។

ក្នុងឱកាស​នោះ​ដែរ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ​បាន​នាំ​យក​ថវិកា​របស់​សម្តេច​តេ​ជោ​ ហ៊ុន សែន​ទៅ​ប្រគេន​ដល់​ព្រះចៅ​អធិការ​វត្ត​គិរី​ទ​ក្ខិ​ណា​រាម​ហៅ​វត្ត​ក្បាល​បឹង​សេះ​ នេះ​ចំនួន​17 000$​ ទុក​សំរាប់​បង្គ្រប់​ថ្លៃ​ ជាង​សាងសង់ ​និង​បាន​ឧបត្ថម្ភ​ ថវិកា​ដល់​វិទ្យាល័យ​ក្បាល​អូរ​២លាន​រៀល អនុវិទ្យាល័យ​ក្បាល​អូរ ១លាន​រៀល​ និង​សាលាបឋមសិក្សា​ក្បាល​អូរ​ ៥០​ម៉ឺន​រៀល ​​ផងដែរ​៕

ចំណែក