នគរបាលស្រុកសង្កែឃាត់ខ្លួនបុរសម្នាក់ក្រោយយកពូថៅកាប់បំផ្លាញ​ទៅលើរថយន្ត០១គ្រឿងខូចខាតយ៉ាងដំណំ

ខេត្តបាត់ដំបង! កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយយកពូថៅកាប់បំផ្លាញ​ទៅលើរថយន្តអ្នកដទៃ០១គ្រឿងបណ្តាលអោយខូចខាតយ៉ាងដំណំ។

កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីថ្ងៃទី០៤ ខែ វិច្ឆិកា ឆ្នាំ២​០២២ នៅចំណុចក្រុមទី១៤ ស្ថិតក្នុងភូមិកំពង់ឆ្លង ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ដែលជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ ខាន់ ពិសិទ្ធ ហៅទូ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាកម្មករ មានទីលំនៅចំណុចភូមិឃុំខាងលើ។

លោកវរសេនីយ៍ទោ​ យុត​ តុងហូ​ អធិ​ការនគរ​បាលស្រុកសង្កែ​ បានអោយដឹងថា នៅថ្ងៃកើតហេតុវេលាម៉ោង២០និង១០នាទី ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ ជនសង្ស័យខាងលើបន្ទាប់ពីផឹកស្រាស្រវឹងរួចបានយក​ពូថៅកាប់បំផ្លាញទៅលើរថយន្ត០១គ្រឿង របស់ជនរងគ្រោះឈ្មោះ ញ៉ិល វាសនា ភេទប្រុស អាយុ២​៨​ឆ្នាំ មានទីលំនៅក្រុម ១០ ភូមិស្លក្រាម ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង បណ្ដាលឱ្យរថយន្ដខូចខាតដូចជា៖

-កញ្ចក់ទ្វារថយន្តចំហៀងខាងឆ្វេងចំនួន០១ផ្ទាំង

-កញ្ចក់ពីមុខរថយន្ដចំនួន០១ផ្ទាំង

-ដំបូលរថយន្តខាងមុខ ចំហៀងខាងឆ្វេងខូចខាតជាច្រើនកន្លែងផងដែរ។

លោកអធិការដដែលបានបញ្ជាក់ថា នៅក្រោយកេីតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាល​ ពីករណីនេះ​ហេីយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការ ក៏ដូចជាយោបល់លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការ​រង​ផែនការងារ​នគរបាលព្រហ្មទ័ណ្ឌ​ផងនោះ លោ​កបានដឹកនាំកម្លាំងផ្នែកនគរបាលយុត្តិធម៌ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលវត្តតាមិម ចុះស្រាវជ្រាវស៊ើបអង្កេតរហូតបង្រ្កាបឃាត់ខ្លួនបានជនសង្ស័យតែម្តង។ 

ក្រោយពេលធ្វើកំណត់ហេតុស្ដាប់ចម្លើយរួចជនសង្ស័យឈ្មោះ ខាន់ ពិសិទ្ធ ហៅទូបានឆ្លើយសារភាពថារូបគេ​ពិតជាបានយកពូថៅកាប់បំផ្លាញ​ទៅលើរថយន្តបណ្ដាលឱ្យខូចខាតពិតប្រាកដមែនព្រោះតែស្រវឹងស្រា បន្ទាប់មកនគរបាលស្រុកបាននិងកំពុងកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តដេីម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

CATEGORIES
Share This