អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​ ជំរុញមន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ដោះស្រាយ​បញ្ហាផ្សេង​ ពិសេសការបោសសម្អាតគ្រាប់មីន​

ប៉ៃលិននៅព្រឹកថ្ងៃទី០ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីស្នាក់ការប្រជាការពារភ្នំដំបង បានបើកកិច្ចប្រជុំពិភាក្សាអំពីការបោសសម្អាតចម្ការមីនចំនួន១៦ចម្ការរបស់អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន និងករណីស្នើសុំជួសជុលផ្លូវលំក្រាលគ្រួសក្រហម ០១ខ្សែ របស់រដ្ឋបាលខេត្តប៉ៃលិន ស្ថិតក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូតនៃភូមិសាស្រ្តភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដឹកនាំ ដោយ ឯកឧត្ដម មាស សុផល អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តមហុក សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ដោយមានការចូលរួមពីតំណាងអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីនតំណាងមជ្ឈមណ្ឌលកំចាត់មីនកម្ពុជាមន្ទីរបរិស្ថានខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តទីចាត់ការផែនការ និងវិនិយោគ ទីចាត់ការអន្តរវិស័យ និងអាជ្ញាធរមូលដ្ឋាន សង្កាត់អូរតាវ៉ៅ ភូមិភ្នំដំបង ភូមិអូរស្លេវ និងអ្នកពាក់ព័ន្ធជាច្រើននាក់ទៀត។  

ឯកឧត្ដម មាស សុផល អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងអំណរគុណ ចំពោះស្ថាប័នពាក់ព័ន្ធ និង រដ្ឋបាលមូលដ្ឋានទាំងអស់ដែលបានចូលរួមចុះផ្ទាល់ដើម្បីពិនិត្យទីតាំងនិងផលប៉ះពាល់ជាក់ស្តែងនៅតំបន់ភ្នំដំបងនិងអូរស្លេវដែលមានផ្លូវលំបាកជាខ្លាំងសម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរ។ ហើយការប្រជុំពិភាក្សាលើសំណើសុំបោសសម្អាតចំការមីនចំនួន ១៦ចម្ការ និងការស្នើសុំជួសជុលផ្លូវក្រាស  គ្រួសក្រហម ០១ខ្សែប្រវែង ៦គីឡូម៉ែត្រ ទទឹង៣០ម៉ែត្រដែលស្ថិត ក្នុង តំបន់ ប្រើប្រាស់ ច្រើន យ៉ាង សំឡូតភូមិសាស្ត្រខេត្តប៉ៃលិន ដែលមានគ្រាប់មីនសល់ពីសម័យសង្គ្រាមច្រើនផងដែរ។  

ឯកឧត្ដមអនុរដ្ឋលេខាធិការបានគូសបញ្ជាក់ថា៖ ដូចនេះរដ្ឋបាលខេត្តត្រូវធ្វើយ៉ាងណាមានកិច្ចសហការល្អយ៉ាងជិតស្និទ្ធជាមួយមន្ទីរបរិស្ថានខេត្ត អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ដើម្បីយកជម្រើសដែលអាចកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន សង្គម និងធនធានធម្មជាតិ ក្នុងកម្រិតទាបបំផុត។ ហើយអាជ្ញាធរពាក់ព័ន្ធត្រូវចូលរួមសហការជិតស្និទ្ធជាមួយមន្ទីរបរិស្ថានខេត្ត អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ដើម្បីការពារទប់ស្កាត់ជនខិលខូច ចូលកាប់ទន្រ្ទានដីយកធ្វើជាកម្មសិទ្ធិ នៅតាមសងខាងផ្លូវ និងរក្សាបានបរិស្ថាន និងធនធានធម្មជាតិ តាមដងផ្លូវឱ្យមានភាពបៃតងនិងទំនួលខុសត្រូវច្បាស់លាស់ផងដែរ។ 

 

ឯកឧត្តម ហុក សុផល អភិបាលរងខេត្តបានថ្លែងថា៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានយកចិត្តទុក្ខដាក់ខ្ពស់ចំពោះបងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែងនិងគ្រប់ពេលវេលា ហើយចំពោះសំណើសុំជួសជុលផ្លូវនៅភូមិភ្នំដំបងនិងភូមិអូរស្លេវ សង្កាត់អូរតាវ៉ៅ នេះជាបំណងយូរឆ្នាំមកហើយដែរ ដើម្បីធ្វើយ៉ាងណាជួយលើកកម្ពស់សេដ្ឋកិច្ចសង្គម បរិស្ថាន ជាពិសេសលើកស្ទួយជីវភាពប្រជាជនឱ្យបានល្អប្រសើរ តាមរយៈការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ ការទទួលសេវាសាធារណៈ សេវាសុខភាពសាធារណៈ ពិនិត្យ និងព្យាបាល ដូចជាឆ្លងទន្លេ ឈឺស្កាត់ពេលយប់ និងម្យ៉ាងវិញទៀតលើសពីនោះសិស្សានុសិស្សបានទៅសាលារៀនសិក្សារៀនសូត្រមានភាពងាយស្រួលព្រោះបច្ចុប្បន្នយើងឃើញហើយថាផ្លូវមានជង្ហុកធំៗច្រើន រអិល ព្រោះពេលភ្លៀងម្តងៗពិបាកធ្វើដំណើរជាពិសេសសិស្សានុសិស្សតែម្តង។  ម្យ៉ាងវិញទៀតការស្ថាបនាផ្លូវមួយខ្សែនេះវាក៏បានផ្សារភ្ជាប់ជាមួយនឹងទេសចរណ៍ ធម្មជាតិ ជាពិសេសបម្រើឱ្យយុទ្ធសាស្ត្រទ័ពនិងជួយសម្រួលដល់ការល្បាតរបស់មន្រ្តីឧទ្យានុរក្សមានភាពងាយស្រួលនិងឆាប់រហ័សទៀតផង។  

ក្នុងឱកាសនេះកម្លាំងជំនាញអង្គភាព ស៊ីម៉ាក់ (CMAC) បានថ្លែងអំណរគុណ ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១អាជ្ញាធរមីន ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ដែលបានអនុញ្ញាតិអោយ ដោះមីន ដោយ មានការគាំទ្រថវិកាពីគម្រោងបោសសម្អាតមីន ដើម្បីទទួលលទ្ធផល (Clearing For Result) ស្ថិតក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត នៃភូមិសាស្រ្តភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីសុខសុវត្ថិភាព និងកាត់បន្ថយគ្រោះថ្នាក់ដោយសារមីននៅកម្ពុជា។ 

 

គួរបញ្ជាក់ផងដែរថា៖ ការស្នើសុំជួសជុលផ្លូវក្រាសក្រួសក្រហម ០១ខ្សែប្រវែង ៦គីឡូម៉ែត្រ ទទឹង៣០ម៉ែត្រ នេះ កំពុងធ្វើការដោះមីនបណ្តើរៗហើយ ដោយសំណើសុំបោសសម្អាតចំការមីនចំនួន ១៦ចម្ការ ដោយបច្ចុប្បន្នកម្លាំងជំនាញអង្គភាព ស៊ីម៉ាក់ (CMAC) បាននឹងកំពុងបំពេញប្រតិបត្តិការបោសសម្អាតចម្ការមីនចំនួន ០៩ចម្ការមីន ស្មើនឹងផ្ទៃដី (៤១ហិកតា) ដោយដៃ និងនៅសល់ ០៧ចម្ការទៀត  ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ ស្របតាមលិខិតលេខ ១៥៦៨ សជណ.បស្ថ របស់ក្រសួងបរិស្ថាន។

CATEGORIES
Share This